មន្រ្តីជាន់ខ្ពស់ក្រសួងការងារអំពាវនាវឱ្យពលករកម្ពុជានៅកូរ៉េមិនត្រូវជឿអប្បិយជំនឿមិនសមហេតុផល

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងការងារនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះបានអំពាវនាវដល់បងប្អូនពលករខ្មែរធ្វើការនៅកូរ៉េមិនត្រូវជឿលើការឃោសនាបែបអប្បិយជំនឿ ដោយបុគ្គលម្នាក់នោះឡើយ ពីព្រោះវានឹងធ្វើឱ្យបងប្អូននឹងបាត់បង់ប្រាក់ចំណូលនិងឱកាសត្រឡប់ទៅធ្វើការនៅប្រទេសកូរ៉េវិញ។

គួរបញ្ចាក់ថា ការអំពាវនាវពីសំណាក់មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបែបនេះធ្វើឡើងបន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃមកនេះមានពលករខ្មែរដែលធ្វើការនៅកូរ៉េមួយចំនួនដោយមានអ្នកខ្លះទើបចូលធ្វើការ និងខ្លះទៀតមិនទាន់ដាច់កិច្ចសន្យាការងារបាននាំគ្នាសម្រុកទិញសំបុត្រយន្តហោះត្រឡប់មកប្រទេសវិញដោយសារតែមានបុគ្គលមេដឹកនាំរបស់ខ្លួនបានទស្សន៍ទាយថា មានបាតុភូតប្រហោងលូខ្មៅផែនដីបង្កើតជាមហន្តរាយធ្វើឱ្យក្រិនផែនដីហើយមានតែប្រទេសកម្ពុជាទេដែលមានសុវត្ថិភាពនិងសុខសាន្ត។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ឯកឧត្តម ហេង សួរបានលើកឡើងថា ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញ ទាំងតក់ត្រហល់គឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករ ខ្មែរយើង ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជក(ថៅកែ)កូរ៉េ ។

ឯកឧត្តមបញ្ជាក់បន្ថែមថា” ការបោះបង់ចោលការងារ នៅកូរ៉េ ដែលមនុស្សជាច្រើនចង់ទៅ គឺជាការបោះបង់ ចោលប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់ឪពុកម្តាយ និងបងប្អូនរបស់ខ្លួន។ បងប្អូនធ្វើបែបនេះគឺមិនអាច វិលត្រឡប់ទៅប្រទេសកូរ៉េវិញបានឡើយ នៅពេលដែល បងប្អូនភ្ញាក់ខ្លួនហើចង់ទៅម្តងទៀត”។

ជាមួយការបញ្ជាក់នេះដែរ ឯកឧត្តម រដ្ឋលេខាធិការបានអំពាវនាវផងថា”សូមបងប្អូនជឿថា ប្រសិនជាពិភពលោកនេះនឹង ជួបប្រទះគ្រោះមហន្តរាយកើតទៅជាទឹកជំនន់លិចលង់ គ្រប់ប្រទេសដូចបុគ្គលម្នាក់នោះនិយាយមែននោះ អ្នកវិទ្យាសាស្ត្រគេប្រកាសអាសន្នទូទាំងពិភពលោកហើយ។ ហើយបើលិចលង់ពិភពលោកមែន វាមិនដែល នៅសល់តែដីចំការរបស់បុគ្គលនោះទេ វាប្រាកដជាលិចទាំងអស់គ្នាហើយ។

គួរបញ្ជាក់ថា បន្ទាប់ពីការវិលត្រឡប់របស់បងប្អូនពលករខ្មែរមកកម្ពុជាយ៉ាងតក់ក្រហល់មួយចំនួននោះ ឯកឧត្តម ហេង សួរ បានថ្លែងដាស់តឿនដែរថា « ខ្ញុំសូមអំពាវនាវដល់បងប្អូនពលករខ្មែរយើងសូមយកលក្ខណៈវិទ្យាសាស្ត្រជាគោលហើយសូមគិតពីផលប្រយោជន៍របស់ខ្លួនផងដែរ។ បើបងប្អូនចេញមកទាំងបង្ខំបែបនេះមិនមានច្បាប់វិលត្រឡប់ទៅកូរ៉េវិញបានទេ ដែលធ្វើឱ្យបងប្អូនបាត់បង់ឱកាសល្អនិងបាត់បង់ប្រាក់ចំណូលសម្រាប់ទ្រទ្រង់គ្រួសារផងដែរ។ដូច្នេះសូមគិតបញ្ហារបស់ខ្លួន»៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner