ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ អំពាវនាវកុំឱ្យបងប្អូនពលករ ជឿពាក្យញុះញង់ដែលនាំឱ្យបាត់បង់ការងារ និងត្រូវរាយការណ៍ជូនស្ថានទូតពីជនខិលខូច

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានជាថ្មីមួយដោយអំពាវនាវាឱ្យពលករកម្ពុជា ដែលកំពុងបំពេញការងារនៅប្រទេសកូរ៉េមិនត្រូវជឿពាក្យញុះញង់ដែលនាំឱ្យបាត់បង់ការងារ ហើយត្រូវតែរាយការណ៍ជូនស្ថានទូតបើបានជួប ប្រទះ ឬប្រឈមនឹងករណីគំរាមកំហែង ឬបង្ខិតបង្ខំណាមួយពីសំណាក់ជនខិលខូច។

បើយោងតាមសេចក្តីប្រកាសខាងលើនេះបានបញ្ជាក់ថា”សូមជូនព័ត៌មានដល់សាធារណជនមេត្តជ្រាបថា ថ្មីៗនេះ ស្ថានទូតបានទទួលព័ត៌មានអំពីការឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសបំផុលឱ្យបងប្អូនខ្មែរដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មានការភិតភ័យ បោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ទៅកម្ពុជាវិញយ៉ាងតក់ក្រហល់”។

ស្ថានទូតសូមអំពាវនាវដល់សាធារណជនដែលកំពុងរស់នៅធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ដូចខាងក្រោម៖
១. ស្នើបងប្អូនខ្មែរកុំជឿលើការញុះញង់តាមលក្ខណៈប្រជាភិថុតិរបស់ជនអគតិមួយចំនួន អោយ បោះបង់ចោលការងារដែលជាប្រភពចំណូលដ៏ចម្បងសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ និងការកសាងអនាគត ទៅថ្ងៃខាងមុខ។
២. ការវិលត្រលប់ទៅកម្ពុជាយ៉ាងប្រញ៉ាប់នេះ ដោយមិនបានទទួលការអនុញ្ញាតពីនិយោជក គឺ
ជាអំពើខុសច្បាប់ ហើយបងប្អូនប្រឈមនឹងការបាត់បង់ការងារនិងផលប្រយោជន៍ កិត្តិយស កេរ្តិ៍ឈ្មោះ
និងប៉ះពាល់ដល់ឱកាសការងារសម្រាប់បងប្អូនពលករខ្មែរដទៃទៀតទៅថ្ងៃអនាគត ព្រមទាំងធ្វើឱ្យសង្វាក់ ផលិតកម្មរបស់និយោជកកូរ៉េ រងនូវផលប៉ះពាល់ផងដែរ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ សូមធ្វើការពិចារណាឱ្យបានម៉ត់ចត់ ជៀសវាង ការជឿទៅលើសំដីបំផុសបំផុលទាំងនោះ ដែលនាំមកនូវការបាត់បង់ផលប្រយោជន៍ផ្ទាល់របស់បងប្អូននាពេលអនាគត។

ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េនេះ បានជួបប្រទះ ឬប្រឈមនឹងករណីគំរាមកំហែង ឬបង្ខិតបង្ខំណាមួយ សូមទំនាក់ទំនងមកលេខទូរស័ព្ទ ស្ថានទូត +៨២ ២ ៣៧៨៥ ១០៤១ ស្ថានទូតនឹងជួយគាំពារ និងសម្របសម្រួលតាមផ្លូវច្បាប់ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner