ប្រមុខណាតូ៖ រុស្ស៊ីជាបញ្ហាប្រឈម ជាយុទ្ធសាស្រ្តសម្រាប់ណាតូនៅតំបន់អាកទិក
អូតាវ៉ា៖ អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូថែនប៊ឺគ ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានបញ្ជាក់ថា ឥទ្ធិពលរបស់រុស្ស៊ីនៅភាគខាងជើង គឺជាបញ្ហាប្រឈមជាយុទ្ធសាស្ត្រសម្រាប់អង្គការណាតូ ។
ឈរអមជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ នៅ Cold Lake រដ្ឋ Alberta លោក ស្តូថែនប៊ឺគ បាននិយាយយ៉ាងដូច្នេះថា សារៈសំខាន់នៃភាគខាងជើង កំពុងកើនឡើងខ្ពស់សម្រាប់អង្គការណាតូ និងកាណាដា ពីព្រោះយើងមើលឃើញការកសាងយោធារុស្ស៊ីដ៏សំខាន់ ។
លោក ស្តូថែនប៊ឺគ បន្តថា រុស្ស៊ីបានបើកឡើងវិញនូវទីតាំងយោធាសម័យសូវៀតរាប់រយនៅតំបន់អាកទិក ដោយប្រើប្រាស់តំបន់នេះដើម្បីសាកល្បងប្រព័ន្ធសព្វាវុធថ្មីៗ។ បន្ថែមលើនេះ លោកក៏បានព្រមានផងដែរថា រុស្ស៊ី និងចិនកំពុងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៅតំបន់អាក់ទិក ដែលប្រជែងនឹងតម្លៃ ព្រមទាំងផលប្រយោជន៍របស់អង្គការណាតូ ។
ជាមួយគ្នានេះ លោក ទ្រូដូ បានអះអាងថា ស្ថានភាពភូមិសាស្ត្រនយោបាយបានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជាហេតុផលដែលត្រូវយល់ឃើញថា រុស្ស៊ីជាការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះយើងទាំងអស់គ្នា។ នាឱកាសនោះដែរ លោក ស្តូថែនប៊ឺគ និងលោក ទ្រូដូ បានយល់ស្របថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យតំបន់អាកទិកកាន់តែអាចចូលដំណើរការបានសម្រាប់សកម្មភាពសេដ្ឋកិច្ច និងយោធា ដែលបង្កើនការព្រួយបារម្ភអំពីសន្តិសុខ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា