តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អភិបាលកិច្ចល្អ គឺផ្តើមចេញពីបុគ្គលម្នាក់ៗ បើម្នាក់ៗប្រតិបត្តិខ្លួនបានល្អ បានត្រឹមត្រូវ មានន័យថា យើងបានរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ
ភ្នំពេញ៖ តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ថ្លែងថា សិក្ខាកាមទាំងអស់ គួរចងចាំថា អភិបាលកិច្ចល្អគឺផ្តើមចេញពីបុគ្គលម្នាក់ៗ បើម្នាក់ៗប្រតិបត្តិខ្លួនបានល្អ បានត្រឹមត្រូវ មានន័យថា យើងបានរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ បើយើងប្រតិបត្តិខ្លួនឯងមិនបាន យើងក៏មិនអាចធ្វើ ឲ្យគេមានអភិបាលកិច្ចល្អបានដែរ ពីព្រោះយើងម្នាក់ៗជា កោសិកាមួយរបស់សង្គម បើកោសិកានីមួយៗល្អ នោះកោសិកាសង្គមទាំងមូលច្បាស់ជាល្អ។
ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ជំនាន់ទី៤ វគ្គទី៣ និងចែកវិញ្ញាបនប័ត្រ ជូនដល់សិក្ខាកាមទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលបានមកចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋម ជំនាន់ទី៤ វគ្គ៣ ។ ដែលពិធីនេះបានធ្វើឡើងកាលពីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ។
បើតាមរបាយការណ៍ របស់ឯកឧត្តម បណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច បានដឹងឲ្យថា៖ ដោយមានការយកចិត្តទុកដាក់ពីលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងបានជំរុញឲ្យមានការបើកវគ្គ បណ្តុះបណ្តាលវិស័យអធិការកិច្ច ដែលសំរាប់ឆ្នាំ២០២២នេះ ពោលគឺបន្ទាប់ពីមានការបិទខ្ទប់ និងការរីករាលដាល ដោយសារជំងឺកូវីដ១៩ វិទ្យាស្ថានបានបើកវគ្គចំនួន៤លើករួចមកហើយ និងមានសិក្ខាកាមមកពីគ្រប់អគ្គនាយកដ្ឋាន និងតាមមន្ទីរគ្រប់ខេត្ត រាជធានី ចំណុះឲ្យក្រសួង ដោយបានផ្តល់ជាវិញ្ញាបនប័ត្រជូនសិក្ខាកាមគ្រប់រូប តាមសមត្ថភាពនៃការកណត់និទ្ទេសផងដែរ ។
ឯកឧត្តម នាយកវិទ្យាស្ថានឲ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៤ វគ្គ៣នេះ បានប្រព្រឹត្តទៅរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដែលមានសិក្ខាកាមទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិចូលរួមសរុបចំនួន ៤៥នាក់ (ស្ត្រីចំនួន៨នាក់) ក្នុងនោះ អគ្គនាយកដ្ឋានអធិការកិច្ចចំនួន ១១នាក់ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចចំនួន ១២នាក់ និងក្រសួងនានាចំនួន ២២នាក់ រួមមានក្រសួងការពារជាតិ មហាផ្ទៃ សាធារណៈការនិងដឹកជញ្ជូន កសិកម្ម រុក្ខាប្រមាញ់និង នេសាទ ទេសចរណ៍ អភិវឌ្ឍជនបទ មុខងារសាធារណ: ប្រៃសណ៍យ៍និង ទូរគមនាគមន៍ និង ក្រសួងបរិស្ថាន ដែលក្នុង១ក្រសួង ចំនួន ២នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ បានលើកឡើងថា សិក្ខាកាមទាំងអស់ដែលបានទទួលការបណ្តុះបណ្ដាល សូមយកចំណេះដឹង និងបទពិសោធន៍ថ្មីៗទាំងនោះ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារឲ្យកាន់តែល្អប្រសើរ ចំណេះដឹង និងបទពិសោធន៍ដែលទទួលបាននាពេលនេះ វានឹងរួមចំណែកដល់ការលើកកម្ពស់ការគ្រប់គ្រង និងអភិបាលកិច្ចល្អ បើយើងប្រើប្រាស់វាដោយត្រឹមត្រូវស្របតាមក្រមសីលធ៌មវិជ្ជាជីវៈអធិការកិច្ច ។ ផ្ទុយទៅវិញ វាអាចផ្ដល់ផលអវិជ្ជមានដល់ខ្លួនឯងផង និងក្រសួងផងបើយើងអនុវត្តមិនបានត្រឹមត្រូវ។
ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ ក៏បានបញ្ជាក់ដែរថា វិស័យអធិការកិច្ច ជាវិស័យមួយដ៏មានសារៈសំខាន់សម្រាប់ត្រួតពិនិត្យ ការគ្រប់រដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ប្រកបដោយអនុលោមភាព តាមរយៈការធ្វើអធិការកិច្ចលើគ្រប់វិស័យ សំដៅបង្ការ ទប់ស្កាត់ កែលំអ និងមានវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ។ តែការចុះធ្វើអធិការកិច្ច មិនមែនការវែករកកំហុសដើម្បីរិះគន់គន់រាជរដ្ឋាភិបាលនោះទេ គឺយើងមានតួនាទីធ្វើជាសេនាធិការដើម្បីចូលរួមបំពេញបំបន្ថែម សំរាប់ឈានទៅសម្រេច យុទ្ធសាស្ត្រចតុកាណរបស់រាជរដ្ឋាភិបាល ដែលមានអធិការកិច្ចល្អជាស្នូល ។ ដោយមានសារៈសំខាន់នេះហើយ ទើបថ្នាក់ដឹកនាំក្រសួង សម្រេចឲ្យបង្កើតវិទ្យាស្ថានជាតិអធិការកិច្ចឡើង ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអធិការកិច្ច ៕ ដោយ ហេង សម្បត្តិ