រុស្ស៊ីនឹងមិនបញ្ឈប់សង្គ្រាមឡើយ ទោះបីអ៊ុយក្រែនបោះចោលបំណងចូលអង្គការណាតូ
ម៉ូស្គូ៖ សម្ព័ន្ធមិត្តកំពូលរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានអះអាងថា រុស្ស៊ីនឹងមិនបញ្ឈប់យុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែនឡើយ ទោះបីជាទីក្រុងកៀវ បោះបង់បំណងរបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូជាផ្លូវការ។
ស្របពេលជាមួយគ្នានេះ អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវ៉េដេវ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយដែរថា រុស្ស៊ីបានត្រៀមខ្លួនដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្រោមលក្ខខណ្ឌមួយចំនួន។
លោក ម៉េដវ៉េដេវ បានប្រាប់ទូរទស្សន៍ LCI ថា ការបោះបង់គំនិតរបស់អ៊ុយក្រែន ក្នុងការចូលរួមជាមួយអង្គការណាតូ ឥឡូវនេះគឺមានសារសំខាន់ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេក្នុងការបង្កើតសន្តិភាព ហើយថា រុស្ស៊ីនឹងបន្តយុទ្ធនាការនេះ រហូតដល់គោលដៅរបស់ខ្លួនបានសម្រេច។
ចំណែកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានសង្កត់ធ្ងន់ថា លោកចង់កម្ចាត់ឥទ្ធិពល និងមនោគមន៍ណាស៊ីចេញពីអ៊ុយក្រែន។ តែទោះបីជាយ៉ាងណា អ៊ុយក្រែន និងប្រទេសលោកខាងលិចអះអាងថា នេះគ្រាន់តែជាលេសគ្មានមូលដ្ឋានសម្រាប់សង្គ្រាមប៉ុណ្ណោះ ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា