គ្រោះថ្នាក់នៅតែមាន ទោះបីរោងចក្រនុយក្លេអ៊ែរ អ៊ុយក្រែន បន្តដំណើរការផ្គត់ផ្គង់ថាមពលឡើងវិញក៏ដោយ
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា នៅតែមានហានិភ័យខ្លាំង បន្ទាប់ពីម៉ាស៊ីនរ៉េអាក់ទ័រពីរក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៦ ត្រូវបានភ្ជាប់ឡើងវិញទៅនឹងបណ្តាញអគ្គិសនី បន្ទាប់ពីការបាញ់ផ្លោងដែលបណ្តាលឱ្យរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបនេះ ត្រូវបានផ្អាកជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
ក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែន Energoatom បានបញ្ជាក់នៅល្ងាចថ្ងៃសុក្រសប្តាហ៍នេះថា ម៉ាស៊ីនរ៉េអាក់ទ័រដំណើរការចំនួនពីររបស់រោងចក្រទាំងពីរត្រូវបានតភ្ជាប់ទៅបណ្តាញអគ្គិសនីឡើងវិញ ហើយកំពុងផ្គត់ផ្គង់អគ្គិសនីម្តងទៀត បន្ទាប់ពីពួកវាត្រូវបានផ្តាច់ទាំងស្រុងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍ដដែលនេះ។
រុស្សីដែលបានលុកលុយអ៊ុយក្រែនកាលពីចុងខែកុម្ភៈ បានគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ក្នុងខែមីនា ទោះបីជាវានៅតែដំណើរការដោយអ្នកបច្ចេកទេសអ៊ុយក្រែន ដែលធ្វើការឱ្យក្រុមហ៊ុន Energoatom ក៏ដោយ។
ទោះបីជាយ៉ាងណា នៅក្នុងសុន្ទរកថារៀងរាល់ពេលល្ងាចរបស់ខ្លួន ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសើរអ្នកជំនាញអ៊ុយក្រែន ដែលធ្វើការដើម្បីជៀសវាងសេណារីយ៉ូដែលអាក្រក់បំផុត ហើយលោកថែមទាំងបាននិយាយដែរថា ខ្ញុំសូមសង្កត់ធ្ងន់ថា ស្ថានភាពទីនោះនៅតែមានហានិភ័យ និងគ្រោះថ្នាក់ខ្លាំង ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា