ប៉ាគីស្ថានប្រកាសអាសន្នទូទាំងប្រទេស ខណៈមនុស្សស្លាប់ក្នុងទឹកជំនន់កើនជិត ១ពាន់នាក់
អ៊ីស្លាម៉ាបាដ៖ រដ្ឋាភិបាលប៉ាគីស្ថានបានប្រកាសចាត់ទុកថា គ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញជា “ភាពអាសន្នថ្នាក់ជាតិ” បន្ទាប់ពីមនុស្សជិត ១,០០០នាក់បានស្លាប់ និងជាង ៣០លាននាក់ទៀតគ្មានទីជម្រក ខណៈដែលភ្លៀងមូសុងនៅតែបន្តវាយប្រហារប្រទេសអាស៊ីខាងត្បូងមួយនេះ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) របស់ប៉ាគីស្ថាន បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩៣៧នាក់បានស្លាប់ ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក រួមទាំងកុមារចំនួន ៣៤៣នាក់ ដោយតំបន់ដ៏ធំនៃខេត្ត Balochistan ភាគនិរតីបានលិចទឹក ដែលនាំឱ្យចងចាំសោកនាដកម្មគ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញកាលពីឆ្នាំ ២០១០។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានពន្យារពេលដំណើរទស្សនៈកិច្ចផ្លូវការរបស់លោកទៅកាន់ចក្រភពអង់គ្លេស ខណៈដែលលោកបានអំពាវនាវរកថវិកាពីបណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិ ចំពេលមានគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបង្កការបំផ្លិចបំផ្លាញនៅទូទាំងប្រទេស។ ការខាតបង់នេះ ទោះជាមិនទាន់ត្រូវបានចងក្រងជាឯកសារក៏ដោយ គឺអាចប្រៀបធៀបទៅនឹងគ្រោះទឹកជំនន់កាលពីឆ្នាំ ២០១០។
លោក Sharif បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Twitter បែបនេះ ដោយចង់សំដៅទៅដល់គ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុតក្នុងឆ្នាំ ២០១០៕ ប្រភព៖ Al Jazeera ប្រែសម្រួល៖ ទីណា និងបុត្រា