ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ គិតត្រឹមព្រឹកថ្ងៃទី២៧ មានប្រជាពលរដ្ឋដែលបានចាប់ឆ្នោតរួចបានចុះមកពិនិត្យទីតាំងដី បណ្តេីរៗប្រមាណ ជាង ៩០០គ្រួសារហេីយ
ភ្នំពេញ៖ យោងតាមប្រភពហ្វេសបុកផ្លូវការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់អោយដឹងថា វឌ្ឍនភាព នៃការរៀបចំភូមិធម្មជាតិរុនតាឯក ដេីម្បីទទួលបងប្អូនប្រជាពលរដ្ឋពីតំបន់ត្រពាំងសេស និងទក្សិណត្បូង៖ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បានធ្វេីផ្លូវភូមិបាន ៨ខ្សែ ប្រវែង ១៣៣០ម៉ែត្រ សំរាប់ការងារសម្អាតព្រៃអនុវត្ត ដោយកម្លាំងមន្រ្តី ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា សរុបបាន ៣២,០៧ហិចតា ។ ជាមួយគ្នានេះ មានប្រជាពលរដ្ឋដែលបានចាប់ឆ្នោតរួច បានចុះមកពិនិត្យ ទីតាំងដី បណ្តេីរ ៗ ប្រមាណជាង ៩០០គ្រួសារហេីយ។
ប្រភពហ្វេសបុករបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីដដែល បានបន្តថា គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋ មកចូលរួមចាប់ឆ្នោតជ្រេីសរេីសទីតាំងទៅរស់នៅភូមិធម្មជាតិរុនតាឯក ចំនួន ១១៦គ្រួសារ ហេីយ។
គួរបញ្ជាក់ផងដែរថា យោងតាមការបញ្ជាក់អោយដឹងពីឯកឧត្តម លី រស្មី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានផ្តល់បទសម្ភាសន៍ អោយអ្នកយកព័ត៍មានទូរទស្សន៍អប្សរាយើង កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ថា គិតត្រឹមថ្ងៃទី២៦សីហា ក្រុមការងារវាស់វែង និងធ្វើអត្តសញ្ញាណកម្មដីធ្លី និងសំណង់ខុសច្បាប់ នៅក្នុងតំបន់រមនីយដ្ឋានអង្គរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរអប្សរា បានជាង៣ម៉ឹន ហិកតា ដែលស្មើរនិង ៧០ ភាគរយ នៃផ្ទៃដីសរុប៕ ដោយ ង៉ាន់ ទិត្យ