ពលរដ្ឋវ័យចំណាស់ជាង ៦០គ្រួសារ និងយុវជន ស.ស.យ.ក ក្នុងសង្កាត់គោកឃ្លាង ទទួលបានអំណោយជាផលិតផលសុខភាព ពីសមាគមសម្ព័ន្ធយុវជនស្ម័គ្រចិត្ត ដើម្បីសង្គម និងសហគ្រិនកម្ពុជា
ភ្នំពេញ៖ ប្រជាពលរដ្ឋវ័យចំណាស់ចំនួន ៦១គ្រួសារ រួមនឹងយុវជន ស.ស.យ.ក នៅក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានទទួលអំណោយជាផលិតផលសុខភាព និងអង្ករ ពីសមាគមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម និងសហគ្រិនកម្ពុជា ដែលបានសហការជាមួយក្រុមហ៊ុនអេអេសអ៊ឹមអេស អេស៊ា, ក្រុមហ៊ុន KV9 CAMBODIA Co.,LTD, សាលាស្រាក្រឡុកកម្ពុជា, ភោជនីយដ្ឋានឌឹផាក, ហាងអិនឆាយត្រឌើរកាហ្វេ អាជ្ញាធរសង្កាត់គោកឃ្លាង នៅព្រឹកថ្ងៃសៅរិ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ ក្រោមវត្តមានលោកសាស្ត្រាចារ្យបណ្ឌិត ជឿង គីមជាង ប្រធានសមាគមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម និងសហគ្រិនកម្ពុជា ។
ថ្លែងក្នុងឱកាសនេះ លោកសាស្ត្រាចារ្យបណ្ឌិត ជឿង គីមជាង បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម នួន ផារ័ត្ន រួមនឹងថ្នាក់ដឹកនាំយុវជន ស.ស.យ.ក ជូនដល់អុំពូមី ដែលបានមកចូលរួមក្នុងឱកាសនេះ និងជាពិសេសសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលតែងតែបានគិតគូយកចិត្តទុកដាក់ជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។
លោកបានបន្តថា ការជួបជុំគ្នានាឱកាសនេះ ធ្វើឡើងដើម្បីចែកអំណោយជាផលិតផលសុខភាពប្រភេទថ្នាំម្សៅ យិនស៊ិនផ្លាស់ ដែលបាននាំចូលពីប្រទេសម៉ាឡេស៊ី មានគុណភាពល្អ ប្រសិទ្ធិភាពខ្ពស់ និងគុណប្រយោជន៍ជាច្រើនដល់សុខភាពអ្នកប្រើប្រាស់ដូចជា៖ អាចជួយព្យាបាលជំងឺឈឺតាមសន្លាក់ឆ្អឹងជង្គង់ ស្ពឹកដៃ-ជើង និងឈឺឆ្អឹងកងខ្នង, ជំងឺតម្រងនោម, ជួយបញ្ចុះជាតិអាស៊ីត, ជួយបញ្ចុះជាតិស្ករ និងបង្កើនថាមពលសុខភាព។ ជាមួយគ្នានេះដែរ ក្រុមការងារ ក៏បាននាំយកនូវអំណោយជាអង្ករ ជាមួយនឹងផលិតផលសម្រស់ហ្វូមលាងមុខ និងថ្នាំដុះធ្មេញរបស់ក្រុមហ៊ុម KV9 CAMBODIA Co.,LTD ចែកជូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានសង្កាត់យុវជនស្ម័គ្រចិត្ត ស.ស.យ.ក និងសិស្សនិស្សិតមួយចំនួនទៀត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ហើយអ្វីដែលពិសេសបន្ថែមទៀតនោះ គឺនាយកសាលាស្រាក្រឡុកកម្ពុជា ក៏បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែង សម្រាប់សិស្ស និស្សិត យុវជនស្ម័គ្រចិត្ត ស.ស.យ.ក និងកូនៗរបស់មន្រ្តីអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ឱកាសឱ្យយុវជនមានចំណេះ ជំនាញ វិជ្ជាជីវៈច្បាស់លាស់មួយ ងាយស្រួលរកការងារធ្វើ និងបើករបរកស៊ីផ្ទាល់ខ្លួនបានផងដែរ។
លោកប្រធានសមាគមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម និងសហគ្រិនកម្ពុជា ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលញ៉ាំងឱ្យសហគ្រិន មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្មបានល្អប្រសើរ ។ លោកក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបង្កបរិយាកាសល្អប្រសើរសម្រាប់ក្រុមការងារយុវជននៅទូទាំងប្រទេស ឱ្យមានការចូលរួមចំណែកជួយសង្គមជាតិ និងប្រទេសជាតិទាំងមូល ឱ្យមានការអភិវឌ្ឍ ហើយលោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលតែងតែចូលរួមមើលការខុសត្រូវ យកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ដែលសេចក្ដីសុខទាំងអស់នេះ កើតឡើងដោយសារតែប្រទេសជាតិយើង មានសុខសន្តិភាព ៕ ដោយ វណ្ណលុក