ថៃ៖ កិច្ចប្រជុំកំពូលរបស់វេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក រៀបចំធម្មតា ទោះព្យួរតំណែងនាយករដ្ឋមន្ត្រី
បាងកក៖ រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai បានឱ្យដឹង នាពេលថ្មីៗនេះថា ការព្យួរតំណែងរបស់លោកឧត្តមសេនីយ៍ Prayut Chan-o-cha ពីនាយករដ្ឋមន្ត្រី នឹងមិនប៉ះពាល់ដល់កិច្ចប្រជុំកំពូលរបស់វេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសថៃក្នុងខែវិច្ឆិកានោះទេ។
ប្រភពបន្តថា ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ដែលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នជំនួសលោក Prayut ដោយអះអាងថា វាមិនប៉ះពាល់ដល់ទំនុកចិត្តអន្តរជាតិនៅក្នុងប្រទេសថៃនោះទេ ។
លោក Don បាននិយាយថា រហូតមកដល់ពេលនេះ ផែនការសម្រាប់កិច្ចប្រជុំកំពូល APEC ឆ្នាំ២០២២ នៅខែវិច្ឆិកា មិនរងផលប៉ះពាល់ដោយសារការព្យួរការងាររបស់ឧត្តមសេនីយ៍ Prayut នោះទេ។
លោកឧត្តមសេនីយ៍ Prayut កំពុងរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញថា តើលោកបានធ្វើការងារជានាយករដ្ឋមន្ត្រីលើសពេលកំណត់ ឬយ៉ាងណា៕ ប្រភពី បាងកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត