ប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ ណែនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខណ្ឌ បន្តកសាងអំពើល្អ ដើម្បីទទួលបានការគាំទ្រពីប្រជាជន
ភ្នំពេញ៖ ប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ បានធ្វើការណែនាំដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខណ្ឌ បន្តជឿជាក់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបន្តកសាងអំពើល្អ ដើម្បីទទួលបានការគាំទ្រពីប្រជាជន ខណៈលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងទៅនេះ បង្ហាញថា ប្រជាជនភាគច្រើន បានគាំទ្រ ជឿជាក់ ទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ នេះជាការបញ្ជាក់របស់ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់គណកម្មាធិការគណបក្សរាជធានីភ្នំពេញ ឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ដោយមានការចូលរួមពីក្រុមការងារ សមាជិក សមជិកាគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវជាច្រើនរូបទៀត ។
ឯកឧត្តម មានប្រសាសន៍ថា ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល ដែលតាំងពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់នូវអំណាចពេញដៃទាំងស្រុង ក្នុងការដឹកនាំប្រទេស ចាត់ចែងកិច្ចការផ្ទៃក្នុង រៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់រីកចម្រើន ហើយលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា កន្លងទៅនេះ ក៏បានបង្ហាញថា ប្រជាជនភាគច្រើន បានគាំទ្រ ជឿជាក់ ទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋ ដែលបានទៅចូលរួមបោះឆ្នោតយ៉ាងច្រើននាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីបង្ហាញពីកាតព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋល្អ ហើយនេះពិតជាបង្ហាញឱ្យឃើញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែរឹងមាំពីអាណត្តិមួយទៅអាណត្តិមួយ ។
ឯកឧត្តម ក៏បានជម្រុញដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ ពង្រឹងសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល ជាពិសេស ប្រព័ន្ធបណ្តាញព័ត៌មានសង្គម ដែលមានលក្ខណៈងាយស្រួល និងលឿនរហ័សទាំងក្នុងការផ្សព្វផ្សាយ និងចែកចាយបន្ត គឺមានសារៈសំខាន់ ដើម្បីឈានទៅពង្រីកវិសាលភាពនៃការផ្សព្វផ្សាយមហាជនឱ្យកាន់តែទូលំទូលាយ ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធនេះ ក្នុងការពន្យល់បកស្រាយ និងឆ្លើយតបបកភ្លាមៗលើការវាយប្រហារផ្សេងៗ ឱ្យមានភាពរស់រវើក និងទាន់សភាពការណ៍ ដើម្បីបញ្រ្ជាបឱ្យប្រជាជនយល់ច្បាស់អំពីភាពត្រឹមត្រូវ ការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ ដោះស្រាយបញ្ហាសង្គមនានា សំដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍនៃប្រទេសជាតិលើគ្រប់វិស័យ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកឡើងពីការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល រហូតទទួលបានជោគជ័យ ដែលធ្វើឱ្យប្រទេសកម្ពុជាយើង បានបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ។ ឯកឧត្តម បន្តថា៖ ការគ្រប់គ្រងជម្ងឺកូវីដ-១៩ បានជោគជ័យ គឺពិតជាមានការចូលរួមចំណែកមិនអាចខ្វះបានពីបងប្អូនមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ តស៊ូជាមួយសម្តេចតេជោហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលបានធ្វើឱ្យប្រទេសជាតិវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ ៕ ដោយ វ៉េង លីមហួត