មន្ត្រីធនាគារជាតិ៖ បច្ចុបន្ន ប្រជាពលរដ្ឋបានប្រើប្រាស់ប្រាក់រៀល យ៉ាងហោចណាស់ ៨០ភាគរយ នៃការចំណាយប្រចាំថ្ងៃ ខណៈនៅឆ្នាំ២០២១ ការចំណាយជាប្រាក់រៀល បានកើនឡើង ៤៧ភាគរយ
កំពត៖ លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថាបច្ចុបន្ននេះ ប្រជាពលរដ្ឋបានប្រើប្រាស់ប្រាក់រៀលយ៉ាងហោចណាស់ ៨០ភាគរយនៃការចំណាយប្រចាំថ្ងៃ។ ដោយឡែកសម្រាប់ខេត្តកំពត តាមទិន្នន័យអង្កេតបានបង្ហាញថា ប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀលប្រមាណ ៨០ភាគរយ នៃការចំណាយប្រចាំថ្ងៃ។ ការបញ្ជាក់ប្រកបដោយមោទនភាព របស់លោកជំទាវ បណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាដូចនេះ ក្នុងឱកាសដែលលោកជំទាវ និងលោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត អញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀល នៅខេត្តកំពត នៅទី២៧ ខែសីហាឆ្នាំ ២០២២ ដើម្បីចូលរួមអបអរសាទរ ទិវាប្រាក់រៀល ខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀល ឡើងវិញ និងលើកកម្ពស់ការយល់ដឹងពីប្រាក់រៀលឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។
លោកជំទាវបណ្ឌិត បានឲ្យដឹងទៀតថាសម្រាប់ខេត្តកំពត តាមទិន្នន័យអង្កេតបានបង្ហាញថា ប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀល យ៉ាងហោចណាស់ ៨០ឍភាគរយ នៃការចំណាយប្រចាំថ្ងៃ។ ជាមួយគ្នានេះ ចំណូល-ចំណាយប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅខេត្តកំពតជាប្រាក់រៀល ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយនៅឆ្នាំ២០២១ ចំណូលជាប្រាក់រៀលបានកើនឡើង ៧០ភាគរយ ធៀបនឹងឆ្នាំ២០១៧ រីឯការចំណាយជាប្រាក់រៀលវិញ បានកើន ៤៧ភាគរយ។
លោកជំទាវបានមានប្រសាសន៍ដែរថា ÷ ការចរាចរណ៍ប្រាក់រៀល បានឆ្លងកាត់ ដំណាក់កាលជាច្រើនដូចជាដំណាក់កាលដាក់ឱ្យចរាចរជាផ្លូវការជាលើកដំបូងការលុបបំបាត់ចរាចរណ៍ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យកម្ពុជា ដើរថយក្រោយទៅរកសង្គមទាសភាព សោកនាដកម្ម និងការបំផ្លាញរាល់សមិទ្ធផលសេដ្ឋកិច្ច និងសង្គមជាតិ និងការដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០។ ប៉ុន្តែក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេស ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភា ព ម៉ាក្រូសេដ្ឋកិច្ច មានលំនឹងល្អប្រសើរ ហើយការអនុវត្តគោលនយោបាយទាំងនេះ គួបផ្សំនឹងការចូល រួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឲ្យទំហំប្រាក់រៀល ក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ខណៈ ដែលតម្លៃប្រាក់រៀល មានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើន តម្រូវការ និងជំនឿទុកចិត្តរបស់សាធារណជន មកលើការប្រើប្រាស់ប្រាក់រៀ ល»។
លោកជំទាវ បណ្ឌិត ជា សិរី បានបញ្ជាក់ថា សមិទ្ធផលគួរជាទីមោទនៈទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើប្រទេសកម្ពុជា មិនមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេ ដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រជាជន និងវិនិយោគិន មានជំនឿទុកចិត្តកាន់តែរឹងមាំ មកលើប្រាក់រៀល និងអនាគតនៃសេដ្ឋកិច្ចកម្ពុជា។
ក្នុងបញ្ហានេះ លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត បានថ្លែងថា÷ ការចាយវាយប្រាក់រៀលនៅខេត្តកំពត ពីសំណាក់ប្រជាពលរដ្ឋ មានច្រើនគួរជាទីមោទនៈ ជាពិសេស ការចំណាយប្រចាំថ្ងៃ បើទោះបីជាខេត្តកំពត ជាខេត្តទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរបរទេស។ លោកជំទាវ បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋនិងក្រុមហ៊ុន -សហគ្រាស ដែលមានវត្តមាននៅក្នុងខេត្តកំពត ឱ្យបន្តចូលរួមប្រើប្រាស់ប្រាក់រៀលជំនួសឱ្យរូបិយប័ណ្ណបរទេសឱ្យកាន់តែច្រើនឡើងថែមទៀត។
លោកជំទាវអភិបាលរង បានបញ្ជាក់ដែរថា៖ «សេដ្ឋកិច្ចតំបន់ ឬខេត្តកំពត និយាយដោយឡែក មិនអាចប្រព្រឹត្តទៅដោយរលូននោះទេ ប្រសិនបើមិនមានរូបិយវត្ថុជាតិ ដែលដើរតួនាទី ប្រៀបបាននឹងប្រេងរំអិល ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្ម ឱ្យមានភាពរស់រវើក» ៕
ដោយ :វណ្ណលុក