ប្រតិភូយុវជនគណបក្សប្រជាជនថ្នាក់កណ្តាលអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ប៊ុន អ៊ុយ ដល់គេហដ្ឋាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានផ្នែកឃោសនាអប់រំ នៃយុវជន គណបក្សថ្នាក់កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយ ឯកឧត្តម កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានផ្នែក និងសមាជិក សមាជិកាផ្នែកឃោសនាអប់រំបានអញ្ជើញសួរសុខទុក្ខឯកឧត្តម ប៊ុន អ៊ុយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវ័យចាស់ហើយមានជំងឺកំពុងព្យាបាលនៅគេហដ្ឋាន ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេច លោកជំទាវ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តម ប៊ុន អ៊ុយ និងក្រុមគ្រួសារ។
ឯកឧត្តម ចាយ បូរិន ប្រធានប្រតិភូ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងតែរក្សាចាស់បង្កើនថ្មី ហើយជានិច្ចជាកាលសម្តេចនិងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិមាតុភូមិ។
ឯកឧត្តមប្រធានប្រតិភូ បានសម្តែងការកោតសរសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើនឥតគណនារបស់ឯកឧត្តម ប៊ុន អ៊ុយ និងការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែក កសាងអភិវឌ្ឍន៍ ប្រទេសជាតិស្ទើរមួយជីវិតនៅក្នុងស្ថាប័ន នីតិប្រតិបត្តិ ដូចជាធ្លាប់បាន
បម្រើការងារជាមន្រ្តី -ជាឧបការីខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្រ្តី ជាអនុរដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការក្រុមប្រឹក្សារដ្ឋមន្ត្រី ជារដ្ឋលេខាធិការ -ជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ប៊ុន អ៊ុយ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ចាស់ព្រឹទ្ធាចារ្យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយ ស័កិ្កសមជា អ្នកបន្តវេន ពោរពេញដោយគុណធម៌ សមត្ថភាព ចំណេះដឹង ជាទំពំាងស្នងឫស្សីរបស់គណបក្ស និងប្រទេសជាតិទៅថ្ងៃអនាគត៕ ដោយ៖ ហេង សម្បត្តិ