ប្រធានក្រុមគោព្រៃ បានបញ្ជាក់ថា បទពិសោធន៍ថ្មីៗ រួមនឹងកំហុសបច្ចេកទេសពេលនេះ នឹងជោគជ័យការប្រកួតក្រោយៗ
ប្រទេសថៃ៖ ទោះមានបញ្ហាបច្ចេកទេសខ្លះៗក៏ក្រុមរថយន្ត Off Road កម្ពុជា ធ្វើបានល្អ ក្នុងចំណោម៤ជុំ នៅថ្ងៃទី១ នៃព្រឹត្តការណ៍ប្រណាំងរថយន្ត OFF ROAD គំរប់ខួប២០ឆ្នាំ ឆ្នាំ២០២២នេះ ( THE MAGNIFICENT TEN 2022 ) នៅថ្ងៃទី២៦ ខែសីហា នាទីក្រុងកាឆាណាក់បូរី ប្រទេសថៃ ។
លោក វង្ស គឹមហួត សមាជិកក្រុមរថយន្ត Off Road កម្ពុជា បានអោយដឹងថា សម្រាប់ថ្ងៃទី១នេះ ការប្រកួតមាន៤ជុំ ជាលទ្ធផលកម្ពុជា ក្រុមខេមកូ 4×4 ទទួលបានចំណាត់ថ្នាក់លេខ២២ ក្រុមគោព្រៃមណ្ឌលគីរី លេខ៣៣ និងក្រុម B M លេខ២៥ ។ លោក វង្ស គឹមហួត បន្ថែមថា ចំពោះថ្ងៃស្អែក មានតែ២ជុំប៉ុណ្ណោះ ។
ដោយឡែកលោក សាន់ ដារិទ្ធ ប្រធានក្រុមគោព្រៃមណ្ឌលគីរី បានបញ្ជាក់ថា ការចូលរួម២លើក នៅគីរីរម្យ និងប្រទេសថៃ ទទួលបានបទពិសោធន៍ថ្មីៗច្រើន ប៉ុន្តែបញ្ហាបច្ចេកទេសក៏មានដែរ ដូចការប្រកួតថ្ងៃទី១នេះ យើងធ្វើបានល្អ២ជុំ ក្នុងចំណោម៤ជុំ ជាមួយកីឡាករបរទេសមានបទពិសោធន៍ និងបច្ចេកទេសខ្ពស់។ តាមរយៈបទពិសោធន៍ខាងលើនេះ លោក រំពឹងពី៨០%ទៅ៩០% ថានឹងទទួលបានជ័យលាភី នៅព្រឹត្តការណ៍ក្រោយៗ ដោយសារទាំងអ្នកបើកបរ និងជំនួយការអ្នកបើកបរ សហការគ្នាបានយ៉ាងល្អ ដោយប្រើបេះដូង។
លោក សាន់ ដារិទ្ធ បន្ថែមថា ការប្រកួតកម្រិតអន្តរជាតិនេះ ក្រុម Off Raod គោព្រៃមណ្ឌលគីរី ទទួលបានបទពិសោធន៍ទាំងប្រកួត និងការរៀបចំ ត្រៀមរៀបចំព្រឹត្តការណ៍ដោយខ្លួនឯង នាខែមករា ដើមឆ្នាំ២០២៣ខាងមុខ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡារថយន្ត Off Road និងទាក់ ទាញភ្ញៀវ ទេសរចជាតិ និងអន្តរជាតិ ទៅកាន់ខេត្តមណ្ឌលគីរី អោយស្របតាមបាវនាទាំង៤ របស់ក្រុមមហា គ្រួសាររថយន្ត Off Road កម្ពុជា គឺកីឡា បរិស្ថាន ទេសរចណ៍ និងការងារមនុស្សធម៌ ។
គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត OFFROAD គំរប់ខួប២០ឆ្នាំ ដែលធ្វើនៅខេត្តកាឆាណាក់បូរីប្រទេសថៃ មានរថយន្តប្រណាំងប្រមាណជាង១០០គ្រឿងចូលរួម មកពី៤ប្រទេស គឺម៉ាឡេស៊ី ឡាវ កម្ពុជា និងថៃជាម្ចាស់ផ្ទះ ក្នុងនោះកម្ពុជាបញ្ជូន៣ក្រុម ស្មើ៩រថយន្ត មាន «ក្រុមខេមបូ 4×4» , ក្រុម BM Garage និង «ក្រុមគោព្រៃ មណ្ឌលគិរី» ៕ ចាន់ វិចិត្រ