អាជ្ញាធរខេត្តកណ្តាល បើកយុទ្ធនាការប្រមូលសំរាម តាមដងស្ទឹងព្រែកត្នោត
កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល សហការជាមួយអង្គការសំអាតទន្លេសមុទ្រ (River Ocean Cleanup) កាលរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២នេះ បានចុះបើកយុទ្ធនាការ ចុះប្រមូលសំរាម សំអាតច្រាំងដងស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល។
នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ការចុះបើកយុទ្ធនាការសម្អាតសំរាម នៅតំបន់មាត់ស្ទឹងព្រែកត្នោត នារសៀលនេះ ដើម្បីជួយលើកកម្ពស់ធនធានធម្មជាតិ ជីវជម្រុះ នៅក្នុងទន្លេ ព្រមទាំងរួមចំណែកជួយបង្កើន ការយល់ដឹង ដល់ប្រជា ពលរដ្ឋដែលរស់នៅតាមដងទន្លេ ពិសេសផ្តោតលើការទុកដាក់វេចខ្ចប់សំរាមនៅតាមផ្ទះ ឱ្យបានត្រូវ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះយុទ្ធនាការនេះ ធ្វើឡើងដើម្បីជួយជំរុញ និង បំផុសឲ្យមានការចូលរួមពីសាធារណជន ភាគីពាក់ព័ន្ធ ក្នុងគោលដៅធ្វើឱ្យទន្លេស្អាត គ្មានសំរាម និងចូលរួមសំអាតបរិស្ថានគ្រប់ទីកន្លែងគ្រប់ពេលវេលា៕ដោយ៖ រ៉ាវុធ