អាជ្ញាធរខេត្តសៀមរាប ប្រាប់ឲ្យលោក ខឹម វាសនា ធ្វើការរំសាយការជួបជុំគ្នា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យការជួបជុំរបស់ប្រជាពលរដ្ឋ នៅដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ស្ថិតក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ខណៈដែលមនុស្សជាច្រើនជឿតាមការនិយាយបែបអរូបីរបស់លោក ខឹម វាសនា ដែលមានចំនួនកាន់តែកើន ឡើងជិត។ក្នុងពេលចុះពិនិត្យ អាជ្ញាធរខេត្តសៀមរាប បានស្នើឲ្យប្រធានគណបក្សនេះ រំសាយការជួបជុំគ្នា នៅត្រឹមថ្ងៃទី២៨ សីហា ប៉ុន្តែលោកសុំពន្យារពេលរំសាយការប្រមូលផ្ដុំនេះ នៅថ្ងៃទី៣០ ខែ សីហា។
លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីថ្ងៃ២៣ ខែសីហាមក ក្រុមអ្នកមានជំនឿថា នឹងមានបាតុភូតទឹកលិចនៅស្រុកខ្មែរ បានមកប្រមូលផ្តុំគ្នា ដែលគិតមកដល់ថ្ងៃនេះ មានចំនួនជិត២ម៉ឺននាក់ ។ លោកបន្តថា ការមកប្រមូលផ្តុំគ្នានេះ បានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំងលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសលើការរីករាលដាលនៃជំងឺឆ្លង និង ជំងឺផ្សេងៗជាដើម ។
ក្នុងនោះទាក់ទងនឹងការរស់នៅ ការហូបចុកមិនមានអនាម័យបានត្រឹមត្រូវ ។សាលប្រជុំមួយប្រហែលទំហំប្រហែល៦-៧ម៉ែត្រ មានមនុស្សរស់នៅពី៣០ទៅ៥០គ្រួសារ មិនមែន៣០នាក់នោះទេ ។ ដូច្នេះវាមានហានិភ័យណាស់ ។ ជាមួយគ្នានោះដែរក៏សង្កេតឃើញ អ្នកនៅខាងក្រៅចម្ការក៏មានប្រជាពលរដ្ឋរស់នៅក្រោមដំបូលតង់ ដែលជាបញ្ហាប្រឈមនឹងបញ្ហាសុខភាព ។
លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត បានបន្តថា ដោយសារការព្រួយបារម្ភនេះ អាជ្ញាខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានស្នើឲ្យលោក ខឹម វាសនា ផ្អាកការធ្វើសកម្មភាពជាបន្ទាន់ ក្នុងការបំផុសបំផុលតាមពាក្យទំនាយថា នឹងមានគ្រោះធម្មជាតិលិចលង់ពិភពលោក នេះតទៅទៀត និងធ្វើការ រំសាយការជួបជុំនេះ ត្រឹមថ្ងៃ២៨ ខែសីហា នេះ ។
លោកស្នងការនគរបាលខេត្ត ក៏បានបញ្ជាក់ថា ក្នុងការឆ្លើយតប របស់លោក ខឹម វាសនា បានទទួលស្គាល់ថា លោកពិតជាមិននឹកស្មានថា នឹងមានអ្នកមកចូលរួមច្រើនយ៉ាងដូច្នេះទេ ដែលជាហេតុធ្វើឲ្យមានការខ្វះចន្លោះ ក្នុងការគ្រប់គ្រង ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រធានគណបក្សLDP មិនបានទទួលយកការរំសាយនៅត្រឹមថ្ងៃទី២៨ ខែសីហានេះទេ ដោយបានសុំពន្យារទៅដល់ថ្ងៃទី៣០ ខែសីហា វិញ ។ ជាមួយគ្នានោះដែរអាជ្ញាធរខេត្ត តែងតែគិតគូដល់សុខទុក្ខ និង សុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងបានរំពឹងថា លោកប្រធាន(LDP)រូបនេះ និង បញ្ឈប់សកម្មភាពគៀងគរប្រជាពលរដ្ឋតទៅទៀតផងដែរ ៕ ដោយ៖ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប