ចិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវាចម្បាំងអាមេរិក
ប៉េកាំង៖ យោធាចិនបាននិយាយថា ខ្លួនកំពុងឃ្លាំមើលនាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។
បញ្ជាការមូលដ្ឋានទ័ពភាគខាងកើត ដែលគ្របដណ្ដប់លើសមុទ្រចិនខាងកើត បានបញ្ជាក់ថា ខ្លួនកំពុងរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងការបង្កហេតុណាមួយ។
ប្រតិកម្មរបស់ចិនខាងលើនេះ កើតឡើងបន្ទាប់ពីនាវាចម្បាំងអាមេរិកពីរគ្រឿងបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ចាប់តាំងពីមានភាពតានតឹងរវាងតៃវ៉ាន់ និងចិនបានកើនឡើង ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកអ្នកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់កាលពីដើមខែនេះ។
សហរដ្ឋអាមេរិកបានបញ្ជាក់ថា នាវាចម្បាំង USS Antietam និង USS Chancellorsville បានធ្វើនាវាចរណ៍តាមដែនទឹកអន្តរជាតិអាស៊ី ហើយពេលនេះ វាបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ទោះបីជាកងទ័ពជើងទឹកអាមេរិកអះអាងថា វាគ្រាន់តែជាការឆ្លងកាត់ក៏ដោយ ប៉ុន្តែចិនចាត់ទុកទង្វើនេះថា ជាការបង្កាត់ភ្លើងរវាងខ្លួន និងកោះតៃវ៉ាន់៕ ប្រភព៖ NHK និង BBC ប្រែសម្រួល៖ទីណា និងបុត្រា