លន់ បូរ៉ា:រំពឹងខ្ពស់ថា នឹងធ្វើបានល្អសម្រាប់ថ្ងៃបន្ទាប់ ដោយ២ថ្ងៃធ្វើដល់គោលដៅ ខណៈរថយន្តប្រណាំងមិនទាន់មានបញ្ហាបច្ចេកទេស
ប្រទេសថៃ ៖ លោក លន់ បូរ៉ា ប្រធានក្រុម OFF ROAD បេ អឹម បានបញ្ជាក់ថា កាប្រកួតរយៈពេល២ថ្ងៃនេះ ក្រុម បេ អឹម ធ្វើបាន៤ជុំ និង២ជុំ មិនបានល្អ តែពិន្ទុទទួលយកបាន ពីការប្រណាំងរថយន្ត Off Road គម្រប់ខួប២០ឆ្នាំ (THE MAGNIFICENT TEN 2022 ) ខេត្ត កាឆាណាក់បូរី ប្រទេសថៃ ។
ប្រធានក្រុម OFF ROAD បេ អឹម រូបនេះ រំពឹងខ្ពស់ ដោយសារប្រណាំង២ថ្ងៃនេះ ធ្វើដល់គោលដៅទាំងអស់ រីឯរថយន្តប្រណាំងក៏មិនមានបញ្ហាបច្ចេកទេសនៅឡើយ ដូច្នេះសម្រាប់ថ្ងៃបន្ទាប់នឹងបន្តធ្វើអោយបានល្អ ។
លោក លន់ បូរ៉ា បន្ថែមថា កាប្រកួតជាលក្ខណអន្តរជាតិនេះ ទទួលបានបទពិសោធន៍ល្អ ពីកីឡាករបរទេស ដូចជា ថៃ ម៉ាឡេស៊ី ឡាវជាដើម ដើម្បីយកទៅកែសម្រួលបច្ចេកទេសរថយន្ត ចែករំលែកទៅបងប្អូនអ្នកស្រឡាញ់រថយន្ត OFF ROAD ឬយករថយន្តមកកែច្នៃអោយត្រឹមត្រូវ និងមានសុវត្តិភាពតាមស្តង់ដា អាចចូលរួមប្រកួតបានទាំងកម្រិតជាតិ និងអន្តរជាតិ ។
លទ្ធផលសម្រាប់ថ្ងៃទី១ ក្រុមកម្ពុជាខេមកូ 4×4 ទទួលបានចំណាត់ថ្នាក់លេខ២២ ខណៈក្រុម B M លេខ២៥ ឯក្រុមគោព្រៃមណ្ឌលគីរី លេខ៣៣ ។ រីឯ២ជុំថ្ងៃទី២ ក្រុមខេមកូ 4×4 លេខ១៨ , ក្រុម B M លេខ២៦ និងក្រុមគោព្រៃមណ្ឌលគីរី លេខ៣០ ។
គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត OFFROAD គំរប់ខួប២០ឆ្នាំ ដែលធ្វើនៅ ខេត្តកាឆាណាក់បូរី ប្រទេសថៃ មានរថយន្តប្រណាំងប្រមាណជាង១០០គ្រឿងចូលរួម មកពី៤ប្រទេស គឺម៉ាឡេស៊ី ឡាវ កម្ពុជា និងថៃជាម្ចាស់ផ្ទះ ក្នុងនោះកម្ពុជាបញ្ជូន៣ក្រុម ស្មើ៩រថយន្ត មាន «ក្រុមខេមបូ 4×4» , ក្រុម BM Garage និង «ក្រុមគោព្រៃ មណ្ឌលគិរី» ៕ ដោយ:ចាន់ វិចិត្រ