ថៃបន្តមានជំងឺអុតស្វាម្នាក់ទៀត ជាករណីទី៧ និងជាអ្នករស់នៅបាងកក

បាងកក៖ អ្នករស់នៅបាងកកម្នាក់ត្រូវបានបញ្ជាក់ថា ជាករណីជំងឺអុតស្វា ទី៧ របស់ប្រទេសថៃ។ នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បាននិយាយ កាលពីថ្ងៃអាទិត្យទី២៨ សីហាថា ស្ត្រីជនជាតិថៃអាយុ ៣៧ឆ្នាំម្នាក់ នៅទីក្រុងបាងកក បានក្លាយជាអ្នកជំងឺអុតស្វា ទី៧ របស់ប្រទេសថៃ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន កាលពីចុងសប្តាហ៍មុន។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong ប្រធាន DDC បាននិយាយថា វិទ្យាស្ថានជំងឺឆ្លង Bamrasnaradura បានជូនដំណឹងដល់នាយកដ្ឋាន កាលពីថ្ងៃសៅរ៍ថា ស្ត្រីនោះបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺនេះ។

អ្នកជំងឺបានរួមរ័កជាមួយជនបរទេស ប៉ុន្តែមិនបានធ្វើដំណើរទៅក្រៅប្រទេសនាពេលថ្មីៗនេះទេ។ មកដល់ពេលនេះ មនុស្សបីនាក់បានចូលស្និទ្ធស្នាលជាមួយស្ត្រីរូបនោះ ហើយកំពុងត្រូវបានគេតាមដានយ៉ាងដិតដល់។

ប្រទេសថៃបានរកឃើញករណីចំនួន ៧ ចាប់តាំងពីករណីដំបូងត្រូវបានរកឃើញ ក្នុងខែកក្កដា។ អ្នកជំងឺ ៣នាក់ជាជនបរទេសមកដល់ និង៤នាក់ទៀតជាអ្នកក្នុងស្រុកដែលមានទំនាក់ទំនងជាមួយបរទេស ។ អ្នកជំងឺបួននាក់ក្នុងចំណោមអ្នកជំងឺទាំងប្រាំពីរនាក់បានជាសះស្បើយហើយ ខណៈបីនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ ប្រភពពី The Nation , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner