សម្តេចតេជោ ហ៊ុន សែន ឯកភាពជាមួយសមាជិកសភាអាមេរិក ដែលថា យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឯកភាពជាមួយសមាជិកសភាអាមេរិក ដែលថា យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង ។

នេះបើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសមាជិកសភាអាមេរិក ដែលដឹកនាំដោយលោកជំទាវ អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ និងគណៈប្រតិភូសមាជិកសភាអាមេរិក និងមានតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋថេនណេសស៊ីផងដែរ ។

នៅក្នុងជំនួបនេះ លោកជំទាវ អេលីហ្សាបេត បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ចំពោះការតស៊ូ និងប្រឹងប្រែងរបស់សម្ដេចតេជោ នាំជូនប្រជាពលរដ្ឋកម្ពុជានូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

លោកជំទាវ អេលីហ្សាបេត ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងតាមរយៈសក្ដានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកជំទាវ អេលីហ្សាបេត ព្រមទាំងប្រតិភូទាំងមូល អំពីប្រវត្តិរបស់កម្ពុជា ក៏ដូចជាប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក ។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយលោកជំទាវ អេលីហ្សាបេត ដែលថា យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ការិយាល័យជំរឿនអាមេរិក បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានទំហំជាង២.៩ពាន់លានដុល្លារ មានកំណើនប្រមាណ៤៨%។ របាយការណ៍នេះ បន្តថា រយៈពេល៣ខែ ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាអាមេរិកមានជាង ២ ៩១៦លានដុល្លារ កើនឡើងប្រមាណ៤៨% ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីត្រីមាសទី១ឆ្នាំ២០២១ ដែលមានទំហំត្រឹមតែ ១ ៩៦៩លានដុល្លារ។

តាមរយៈទិន្នន័យដដែលនេះ បង្ហាញថា ការនាំទំនិញកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បានកើនឡើងប្រមាណ ៥០.៦៧% ពោលគឺក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិកក្នុងទំហំជាទឹកប្រាក់ប្រមាណ ២ ៨០៧លានដុល្លារ ដែលបានកើនឡើងពី ១ ៨៦៣លានដុល្លារ កាលពីត្រីមាសទី១ឆ្នាំ២០២១។ ប៉ុន្តែការនាំទំនិញអាមេរិកមកកម្ពុជាវិញ ហាក់មិនមានការប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់ទេ ក្នុងត្រីមាសទី១នេះ ពោលគឺកម្ពុជាបាននាំចូលទំនិញអាមេរិក ដែលមានទឹកប្រាក់ជាង ១០៩លានដុល្លារ ធៀបនឹងត្រីមាសទី១ឆ្នាំ២០២១កើនឡើង២.៩១%ប៉ុណ្ណោះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner