គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ ពាក់ព័ន្ធរឿង លោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែនខេត្តសៀមរាប កើនឡើងជិត ២ម៉ឺននាក់ហើយ
សៀមរាប ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំមួយពាក់ព័ន្ធរឿងលោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែនខេត្តសៀមរាប ឥឡូវពលរដ្ឋកើនឡើងជិត ២ម៉ឺននាក់ហើយ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២២ ។ កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សា ទៅលើហេតុការណ៍ និងសភាពការណ៍មួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខេត្ត ជាពិសេសការជួបជុំប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ដែលមានជំនឿទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានតាំងខ្លួនជាតួអង្គព្រហ្ម (ពួកអមនុស្ស អំបូរទេវតា) ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសថា នឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់ខ្លួនមានទំហំប្រមាណជាង ១២ហិកតា ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បច្ចុប្បន្នមានចំនួនជិត ២ម៉ឺននាក់ហើយមកដល់ពេលនេះ មិនទាន់រំសាយនៅឡើយទេ ដែលនេះជាហេតុបង្កការព្រួយបារម្ភដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថាន អនាម័យសាធារណៈទូទៅផងដែរ ដែលទាមទារចាំបាច់ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់និងសហការគិតគូរដោះស្រាយ។
ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា កាលពីថ្ងៃទី២៧ ខែសីហាពកន្លងទៅឯកឧត្តមផ្ទាល់ និងឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ បានចុះទៅពិនិត្យម្ដងរួចមកហើយ ព្រមទាំងបានបញ្ជាឲ្យលោក ខឹម វាសនា បញ្ឈប់សកម្មភាពជួបជុំ និងប្រមូលផ្ដុំក្រុមប្រជាពលរដ្ឋនោះជាបន្ទាន់ ក៏ប៉ុន្តែការបញ្ជានោះ ត្រូវបាន លោក ខឹម វាសនា បដិសេធ ហើយស្នើសុំពន្យាពេលរហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តម ទៀ សីហា បានចាត់ទុកសកម្មភាពរបស់លោក ខឹម វាសនា ថាជាទង្វើខុសច្បាប់ នឹងកំពុងធ្វើសកម្មភាពឲ្យប្រជាពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ នៅពេលដែលមានពលករខ្មែរនៅកូរ៉េរាប់ពាន់នាក់ បានសម្រុកមកជួបជុំ តាមការលើកឡើងរបស់លោកនោះ ។
ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាជំរុញដល់គ្រប់អង្គភាពមន្ទីរស្ថាប័ន សហការរួមគ្នាផ្អែកលើជំនាញដើម្បីពិនិត្យទៅលើទិដ្ឋភាពផ្នែកច្បាប់ សុខុមាលភាពសង្គម អនាម័យបរិស្ថានសាធារណៈ បញ្ហាជំងឺរាតត្បាត និងផលប៉ះពាល់សំខាន់ៗជាច្រើនទៀត និងអ្នកចូលរួមអាចខាតបង់ពេលវេលាប្រកបអាជីវកម្ម ខាតបង់ការសិក្សារបស់កូនចៅពួកគាត់ជាដើម។ល ។ គណបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នឹងត្រៀមដើម្បីរៀបចំវិធានការច្បាប់ប្រឆាំង នឹងសកម្មភាពប្រមូលផ្ដុំរបស់ក្រុមលោក ខឹម វាសនា បើប្រសិនជាហួសពេលកំណត់ហើយមិនព្រមរំសាយទេនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងមក លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ ។ បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់មេបក្សរូបនេះមក ក៏មានពលរដ្ឋជិត ២ម៉ឺននាក់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ មកកាន់តំបន់ជើងភ្នំគូលែនយ៉ាងកុះករ ។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជាវិញដែរ ដោយបោះបង់ការងាររបស់ខ្លួន ៕ ដោយ ស៊ាន សុផាត