កម្ពុជានាំយកមន្ត្រី បច្ចេកទេស និង គ្រូបង្វឹក បាល់ទះឆ្នេរខ្សាច់មកពី គុយបាត្រៀមស៊ីហ្គេម ២០២៣

តាមរយៈកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាមួយស្ថានទូតគុយបា ប្រចាំប្រទេសកម្ពុជាពេលនេះមន្ត្រីបច្ចេកទេស និងគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់មកពីគុយបាចំនួន ៤រូបបានធ្វើដំណើរមកដល់រាជធានី ភ្នំពេញហើយដើម្បីជួយការងារ បច្ចេកទេសដល់ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជាត្រៀមដណ្តើមមេដាយក្នុងពេលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ខាងមុខ។
មន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជាមានលោកបណ្ឌិតអាំងសិរីពិសិដ្ឋអគ្គលេខាធិការ ឯកឧត្តមជាពៅលោកតែនឡនលោកគួនសុគន្ធី អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទះ កម្ពុជាក្រុមគ្រូបង្វឹកនិងកីឡាករជម្រើសជាតិ ឆ្នេរខ្សាច់កម្ពុជាបានទទួលមន្រ្តី បច្ចេកទេសនិងគ្រូបង្វឹកបាល់ទះឆ្នេរ ខ្សាច់ទាំង ៤ ក្នុងការិយាល័យរបស់សហព័ន្ធកីឡា បាល់ទះក្នុងពហុកីឡដ្ឋានជាតិនៅ រាជធានី ភ្នំពេញ នារសៀលថ្ងៃ ចន្ទ ទី ២៩ ខែ សីហា ឆ្នាំ ២០២២ នេះ។
ជាមួយគ្នានោះដែរមន្រ្តីបច្ចេកទេស និង គ្រូបង្វឹកគុយបាបានត្រួតពិនិត្យមើលពី បច្ចេកទេសរបស់កីឡាករបាល់ទះឆ្នេរខ្សាច់កម្ពុជាក្នុងទីលានហ្វឹកហាត់នៅបរិវេណពហុ កីឡដ្ឋានជាតិផងដែរ។ មន្រ្តីបច្ចេកទេសនិង គ្រូបង្វឹកទាំង ៤ រូបជាជនជាតិគុយបា មានលោក Karell Pena Ventoza (គ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់) លោក Berto Friol Barrios (គ្រូបង្វឹកបាល់ទះក្នុងសាល) លោក Leonid Abum Castillo និងកញ្ញា Natyelis Riol Cardenas។
លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការរងសហព័ន្ធ កីឡាបាល់ទះកម្ពុជាបាន ប្រាប់អ្នកសារព័ត៌មានថា៖«យើងនាំយកពួកគាត់មកនេះបន្ទាប់ពីការអនុញ្ញាតពីឯកឧត្តមសន្តិ បណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជានិង ឯកឧត្តម ស សុខា អនុប្រធានប្រធានសហព័ន្ធហើយជាក់ស្តែងថ្ងៃនេះតាមរយៈ ឯកឧត្តម ជា ពៅ យើងឃើញថាគ្រូបង្វឹកខាងគុយបាមាន ២វិញ្ញាសា មកមានបាល់ទះក្នុងសាលនិង បាល់ទះឆ្នេរខ្សាច់។ ប៉ុន្តែតាមការណែនាំរបស់ ឯកឧត្តមប្រធាននិង ឯកឧត្តមអនុ ប្រធានសហព័ន្ធ គឺយើង ត្រូវការជាចាំបាច់ផ្នែកបាល់ទះលើឆ្នេរខ្សាច់»។

លោក អគ្គលេខាធិការ សហព័ន្ធបានបន្ថែមថា៖«ដូចយើងបានដឹងហើយថាក្រុម បាល់ទះ ឆ្នេរខ្សាច់របស់យើងមិនអន់ពេកទេទោះបីការហ្វឹកហាត់របស់យើងមិនទាន់ដល់ស្តង់ដារ ក៏ពិតមែនក្នុងការប្រកួតស៊ីហ្គេមនៅវៀតណាមថ្មីៗនេះយើងបានឈ្នះលេខ៥ដែរ។ ប៉ុន្តែ ក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធយើងមិនចង់បានចំណាត់ថ្នាក់នោះទេគឺយើងចង់ បាន មេដាយ»។
លោក បណ្ឌិត អាំង សិរីពិសិដ្ឋ បន្តថា៖«យើងអញ្ជើញគ្រូគុយបាមក គឺធ្វើជាគ្រូបង្គោល សម្រាប់បាល់ទះឆ្នេរខ្សាច់ទន្ទឹមនឹងនេះក៏យើងត្រូវមើលពីបច្ចេកទេសនៃការបង្វឹករបស់ គាត់ដែរតើគាត់ខ្លាំងជាង?ឬ ប្រហាក់ប្រហែល? ឬខ្សោយជាងគ្រូ របស់កម្ពុជាយើង។ ខ្ញុំ សង្ឃឹមថាជាលក្ខណៈសាកល្បង២ឬ៣ខែនេះគាត់នឹងបង្ហាញពីលទ្ធផលមកយើងខ្លះថា ការអភិវឌ្ឍន៍សមត្ថភាពជំនាញរបស់កីឡាបាល់ទះឆ្នេរខ្សាច់របស់យើងកើនឡើង ឬអត់?។ យើងគ្រោងរៀបចំពានរង្វាន់បាល់ទះឆ្នេរខ្សាច់មួយដើម្បីឱ្យពួកគាត់ បានសាកល្បង បច្ចេកទេស ។ ដូច្នេះលទ្ធផលយើងនឹងបានដឹងច្បាស់»។
ចំពោះគ្រូបង្វឹកគុយបាជំនាញខាងបាល់ទះក្នុងសាលវិញថ្នាក់ដឹកនាំសហព័ន្ធខាងលើ សង្កត់ធ្ងន់ថា៖«សម្រាប់គ្រូបង្វឹកដែលជំនាញខាងបាល់ទះក្នុងសាលវិញយើងមាន គ្រូ បង្វឹកជនជាតិចិន Li Jun ជនជាតិចិនរួចរាល់ហើយដោយលោកក៏ធ្លាប់បានចូលរួម ជាមួយយើងបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រដោយឈ្នះមេដាយសំរឹទ្ធិក្នុង ព្រឹត្តិការណ៍ កីឡាស៊ីហ្គេមនៅវៀតណាមថ្មីៗនេះផងដែរ។យើងចង់រក្សាមេដាយនេះឱ្យគង់នៅឆ្នាំ ២០២៣ខាងមុខឬ មេដាយខ្ពស់ជាងឆ្នាំចាស់។ ដូច្នេះលោកគ្រូគុយបាគាត់នឹងអាចជាគ្រូ ជំនួយឬដើរតួរនាយកបច្ចេកទេសដែលប្រឹក្សាយោបល់នៃការហ្វឹកហាត់ ឬយុទ្ធសាស្ត្រ ក្នុង ការប្រកួត។ បើគាត់ព្រមព្រៀងក្នុងលក្ខខណ្ឌនេះយើងរក្សាគាត់។ តែគាត់មានបំណង ចង់ចូលរួមជាមួយយើងពេញ ដៃពេញជើង។ប៉ុន្តែយើងនៅតែចង់មើលពី លទ្ធផល នៃ ការបង្វឹកគាត់សិនដូចគ្នា»៕ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner