ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការលើក​​ទីមួយ​នៅ​ប្រទេស​ឡាវ​

ភ្នំពេញៈ គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដឹកនាំ​ដោយ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ ខាំ​លៀង ឧ​ថា​កៃ​សន អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​និង​ជា ប្រធាន​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​ឡាវ ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​នៅ​រដ្ឋធានី វៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ស្រប​ពេលដែល​ឆ្នាំនេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦​នៃ​ការបង្កើត ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ជាពិសេស​ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​នូវ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ទាំងពីរ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ ដូចដែល​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា ក្នុងជំនួប​ទ្វេភាគី​ក្នុងឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ស្តីពី “​បញ្ហា​ទឹក​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​” នៅ​ប្រទេស​ជប៉ុន កាលពី​ខែមេសា ឆ្នាំ​២០២២ កន្លងទៅ​។​

គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដឹកនាំ​ដោយ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ ខាំ​លៀង ឧ​ថា​កៃ​សន អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​និង​ជា ប្រធាន​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​ឡាវ(រូបថតក្រុមការងារ)

​ក្នុងជំនួប​នេះ​ឯកឧត្តម​ប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​ឡាវ​បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ជា​លើក​ទី​១ មកកាន់​ប្រទេស​ឡាវ​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​នេះ គឺជា​ការផ្សារភ្ជាប់​ទំនាក់​ទំនង​មួយ​ដ៏​សំខាន់​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា វឌ្ឍនភាព​នេះ ក៏​នឹងចូលរួម​ចំណែក​ដល់​ការលើកកម្ពស់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ​ដែលមាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​យូរអង្វែង​ជាមួយគ្នា​។​

​ជាការ​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​រំឭក​អំពី​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង កម្ពុជា​-​ឡាវ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​តាំងពីដើម​រៀងមក ជាពិសេស​ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៥៦ ហើយ​នៅក្នុង​ឆ្នាំ​២០១៩ ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ឡាវ ត្រូវបាន​លើកកម្ពស់​ទៅជា “​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​” ជាពិសេស ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក៏បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​រួចមកហើយ ក្នុង​ការបន្ត​លើកកម្ពស់​ទំនាក់ទំនង​នេះ​ឱ្យមាន​កម្រិត​កាន់តែ​ខ្ពស់​ឡើង​បន្ថែមទៀត​។ ឯកឧត្តម ក៏បាន​សម្តែង​នូវ​ការពេញចិត្ត និង​ថ្លែងអំណរគុណ​ចំពោះ​ស្មារតី​នៃ​ការជួយ​យកអាសារ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ កម្ពុជា​-​ឡាវ ក្នុងនាម​ជា​អ្នកជិតខាង​ភូមិ​ផង​របង​ជាមួយគ្នា​ដ៏​ល្អ ជាពិសេស​នៅក្នុង​កាលៈទេសៈ​លំបាក​។​

​ចំពោះ​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិត​កងទ័ពជើងគោក​ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​សម្រេចបាន​កន្លងមក ទោះបីជា​មានការ​រអាក់រអួល​ខ្លះ ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ថែ​រក្សាបាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព​និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​បានល្អ​ប្រសើរ​នៅតាម​តំបន់​ព្រំដែន​ជាពិសេស​ការរួម​គ្នា​ទប់​ស្កាត់​និង​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​។​កត្តា​នេះ​ជាការ​បង្កលក្ខណៈ​ឱ្យ​ប្រជាជន​ទាំងសងខាង​ទទួលបាន​នូវ​ផលប្រយោជន៍​តាមរយៈ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​និង​ប្រកប​របរ​រក​ទទួលទាន​ជាមួយគ្នា​ទៅវិញទៅមក​សំដៅ​លើកកម្ពស់​ជីវភាព​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ឱ្យបាន​កាន់តែ​រីកចម្រើន​។​

គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដឹកនាំ​ដោយ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ ខាំ​លៀង ឧ​ថា​កៃ​សន អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​និង​ជា ប្រធាន​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​ឡាវ(រូបថតក្រុមការងារ)

​ចំពោះ​ទិសដៅ​ទៅមុខ ភាគី​ទាំងពីរ​បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ពង្រឹង និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិត​កងទ័ពជើងគោក ឱ្យ​កាន់តែ​ស្អិតរ​មួ​ត និង​រឹងមាំ​បន្ថែមទៀត ជាពិសេស​លើ​សកម្មភាព​ផ្លាស់ប្តូរ​ទៅវិញទៅមក​ក្នុង​ផ្នែក​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​។​

​ក្រៅពីនេះ កិច្ចពិភាក្សា​ក៏បាន​ផ្តោត​ផងដែរ​លើ​ស្ថានភាព​វិវត្តន៍​ថ្មីៗ​នៃ​បញ្ហា​ប្រឈម​សាកល និង​តំបន់​មួយចំនួន ដោយបាន​កត់សម្គាល់​អំពី​សារៈសំខាន់​នៃ​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក ព្រមជាមួយ​នឹង​សុ​ឆន្ទៈ​នៃ​ការពង្រឹង​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី និង​ពហុភាគី ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ដែល​កើតមាន និង​ថែរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់​៕ ដោយៈ ពល​ជ័យ​

ads banner