កងពលតូចអន្តរាគមន៍លេខ១៤ បានទទួលគ្រឿងឧបភោគបរិភោគ ពីអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា

ខេត្តពោធិ៍សាត់៖ ផ្តើមចេញពីមនោសញ្ចេតនា គោរពស្រឡាញ់ដល់វីរៈភាពកងទ័ព រក្សាការពារបូរណភាពទឹកដីនោះនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសកម្ពុជា បានអញ្ជើញសំណេះសំណាល និងនាំយកគ្រឿងឧបភោគ បរិភោគផ្តល់ជូនអង្គភាព កងពលតូចអន្តរាគមន៍លេខ១៤ ដែលមានទីតាំងស្ថិតនៅចំណុចភ្នំបាយឃ្លះ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាការរួមចំណែកជួយសម្រួលជីវភាព ។

លោកឧត្តមសេនីយទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ ក្នុងនាមមេបញ្ជាការ មេបញ្ជាការរងនិងពលទាហាននិងគ្រួសារ សូមសម្តែងក្តីសោមនស្សរីករាយចំពោះឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយក អគ្គិសនីកម្ពុជា ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជានិងសហការី ដែលបានអញ្ជើញសំណេះសំណាល សួរសុខទុក្ខដល់នាយ នាយទាហានរងនិងពលទាហានដោយបានជួយ ឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ យ៉ាងច្រើនថែមទៀត។

លោកឧត្តមសេនីយទោបានថ្លែងថា ៖ ជានិច្ចកាលអគ្គិសនីកម្ពុជានិងអាជ្ញាធរអគ្គិសនីកម្ពុជា មិនបានភ្លេចកងទ័ពនិងគ្រួសារនោះឡើយ ទោះបី ជាប់ដៃមមាញឹកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយក៏នៅតែ ចូលរួមជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា ទាំងពេលនេះក៏ដូចលើកមុនៗ ពិសេសស្របពេលឱកាសបុណ្យភ្ជុំបិណ្ឌជិតឈានចូលមកដល់។ លោកឧត្តមសេនីយ៍ គឹម សេងងន បន្តទៀតថា ដោយមានការជួយឧបត្តមគាំទ្រពីអគ្គិសនីកម្ពុជានិងអាជ្ញាធរអគ្គិសនីកម្ពុជាព្រមទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេរភូមិ បាន ធ្វើឲ្យអង្គភាពទ័ពឈរជើង តាមបន្ទាត់ព្រំដែនថ្មដានិងមូលដ្ឋានកងទ័ព សំរេចកសាងបាននូវហេដ្ឋារច នាសម្ពន្ធ័យុទ្ធសាស្ត្រ តាមបន្ទាត់ព្រំដែនបានយ៉ាងរឹងមាំ ក្នុងការការពារបូរណៈភាពទឹកដីក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ទទួលបាននូវសុខសន្តិភាព ស្ថេរភាពល្អប្រសើរ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកអគ្គិសនីកម្ពុជា បានសម្តែងនូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះការលះបង់គ្រប់បែបយ៉ាងរបស់នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ដែលបានខិតខំនិងលះ បង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដីនិងប្រជាជនទោះបីជាប់ដៃទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ ក៏ដោយ។ ឯកឧត្តម បានលើកឡើងថា ក្រៅពីជួយលើផ្នែកស្បៀង អាហារដល់កងទ័ពនិងគ្រួសារនោះក៏នៅមានរួមចំណែកកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលជាតម្រូវការចាំបាច់មិនអាចខ្វះបានក្នុងវិស័យយោធា ដូចជាអគារស្នាក់នៅ អគារធ្វើការប្រព័ន្ធទឹកស្អាត អគ្គិសនីជាដើម។ ស្ថិតក្នុងស្ថានភាពដែលសង្គមជាតិទទួលរងការប៉ះពាល់ដោយជំងឺកូវីដ១៩សូមឱ្យកងទ័ពនិងគ្រួសារអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារនិង៣កុំ ត្រូវយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្របង្កើនសមត្ថភាពជំនាញកងទ័ព ត្រៀមជួយធ្វើអន្តរាគមន៍នៅពេលមានករណីកើតឡើងដោយយថាហេតុ និងចូលរួមការងារដាំដុះនិង ចិញ្ចឹមសត្វ ។ ឯកឧត្តម ក៏បានធ្វើការក្រើនរំលឹកដល់នាយទាហាន នាយទាហានរងនិងពលទាហាន ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរ ស្មោះត្រង់ចំពោះជាតិ សាសនាព្រះមហាក្សត្រ សាមគ្គីភាព និងគាំទ្របេក្ខភាពសម្តេចតេជោហ៊ុន សែនឱ្យបន្តជានាយករដ្ឋមន្ត្រី។ នាំយកអំណោយរបស់អគ្គិសនីកម្ពុជានិងអាជ្ញាធរអគ្គិសនីកម្ពុជា ផ្តល់ជូន អង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ក្នុងនោះមាន ថវិកា ២ពាន់ដុល្លារអាមេរិក មី ៤០០កេស ប៊ីចេង ១៥កេស ត្រីខកំប៉ុង ៥០កេស ត្រីងៀត ១២០គីឡូក្រាមសាច់ក្រក ១២០គីឡូក្រាម ប្រហុកសាច់ ១២០គីឡូក្រាម ឆៃប៉ូវផ្អែម ១២០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ៤០០យួរ សរុបចំណាយអស់ថវិកាជាង ២៣ពាន់ដុល្លារអាមេរិក ៕ ចេង ពុំ

ads banner