ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីចំណូលថវិកា កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារ ចំណូលថវិកា ខួបលើកទី១៥៩ កាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាខាដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិការគណកម្មាធិការក្រុមមន្ត្រីប្រតិបត្តិសាខាចំនួន ១៨នាក់ ។

ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ បានលើកឡើងថា ក្នុងឱកាសអបអរសាទរខួបលើកទី១៥៩ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២ ដោយឆ្នាំនេះស្ថិតក្រោមប្រធានបទ«ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានានិងបន្តភាពធនសហគមន៍» ឃើញថា គិតមកដល់ដំណាច់ខែសីហា ឆ្នាំ២០២២ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ទទួល បានចំណូលថវិកាចំនួន ១១០,១៨៥,០០០រៀលនិង ៣៣០,១០០ដុល្លាអាមេរិក ។ ថវិកាទាំងនេះគឺបានមកពីការចូលរួមជួយឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តម កែវ រតនៈរដ្ឋមន្ត្រី ប្រតិភូមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជានិងជាប្រធានកិត្តិយសកាកបាទក្រហម កម្ពុជាសាខាខេត្តពោធិ៍សាត់រួមជាមួយឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធទាំង៣ អាជីវករ ពាណិជ្ជករនិងសម្បុរសជនទាំងក្នុងខេត្ត ក្រៅខេត្តនិងក្រៅប្រទេស ។ ក្នុងនាមប្រធានគណៈកម្មាធិការសាខា ឯកឧត្តម បានធ្វើការណែនាំនិងក្រើនរំលឹកដល់សមាជិក សមាជិការនិងក្រុមប្រតិបត្តិសាខា គប្បីយកចិត្តទុកដាក់ត្រួតពិនិត្យ ផ្ទៀង ផ្ទាត់គ្រប់គ្រងថវិកា សម្ភារៈ ចំណូល ចំណាយនៅក្នុងសាខាឲ្យបានត្រឹមត្រូវច្បាស់លាស់ ។ ជាមួយគ្នានោះត្រៀមបង្ការជួយអន្តរាគមន៍និងឆ្លើយតបឲ្យបានទាន់ពេលវេលាដល់ជនងាយរងគ្រោះដោយគ្រោះធម្មជាតិតែងកើតមានជាបន្តបន្ទាប់។ ត្រូវយកចិត្តទុកដាក់ចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបង្កើនការយល់ដឹងអំពីជំងឺឆ្លង ករណីគ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់សមត្ថភាពមន្ត្រីនិងយុវជនស្ម័គ្រចិត្តនៅតាមគ្រឹះ សិក្សា និងសហគមន៍ដើម្បីក្លាយជាប្រតិបត្តិករមិនអាចខ្វះបានក្នុងការបំពេញការងារមនុស្សធម៌។

នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់សមាជិក សមាជិការ ក្រុមប្រតិបត្តិនិងអនុសាខា ស្រុក ក្រុងដែលបានខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម លើវិស័យអាទិភាពទាំង៤របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានដោះស្រាយបញ្ហាប្រឈមនានាជូនដល់ជនរងគ្រោះនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានទាន់ពេលវេលា មាន ប្រសិទ្ធិភាពនិងតម្លាភាព ៕ ចេង ពុំ

ads banner