រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីក្រុងពាលីតាមបែបសាសនា មុននឹងចាប់ដំណើរការសាងសង់ស្ពានអាកាស ២កន្លែងបន្ថែមទៀតក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី៣០ សីហានេះ បានរៀបចំពិធីសែនក្រុងពាលីតាមបែបសាសនាដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចំរើនពីម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករទីតាំងប្រារព្វពិធីក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវជាស៊ីណា ឃួងស្រេង។

តាមប្រពៃណីព្រះពុទ្ធសាសនាមុននឹងមានការសាងសង់សំណង់អ្វីមួយ ឬ សម្ភោធសមិទ្ធផលណាមួយដែលទើបបានសាងសង់រួច គេតែងប្រារព្វពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី និងជូនដំណឹងដល់អ្នកថែរក្សាទឹកដីនោះសុំជួយបី បាច់ថែរក្សាអោយដំណើរការនៃការសាងសង់នោះសម្រេចបានជោគជ័យប្រកប ដោយសុវត្ថិភាព និងរីកចំរើនជារៀងរហូតទៅ ។

ពិធីក្រុងពាលីនេះធ្វើឡើងមុនមួយថ្ងៃមុននឹងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស២កន្លែងព្រមគ្នាបន្ថែមទៀតក្នុងរាជធានីភ្នំពេញគឺនៅព្រឹកថ្ងៃទី៣១ សីហា ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ស្ពានអាកាសទាំង២កន្លែងនេះរួមមានទី១នៅត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងមហាវិថីព្រះមុន្នី វង្ស និងវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១)។ទី២៖ត្រង់ចំណុចប្រសព្វមហាវិថីសហពន្ធ័រុស្ស៊ី ជាមួយនឹងវិថីសម្តេចចៅហ្វាវាំង
វរះវៀងជ័យធិបតីស្រឹង្គារគង់សំអុល(ផ្លូវ២០០៤)។នេះជាសមិទ្ធផលថ្មីបន្ថែមទៀតដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យរាជធានីភ្នំពេញនិយាយដោយឡែកមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ បំរើឱ្យសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៏,គ្រោះថ្នាក់ចរាចរ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញដែលមានការកើនឡើងទាំងចំនួនមនុស្ស និងមធ្យោបាយធ្វើ ដំណើរ ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានសុំការយោគយល់អធ្យាស្រ័យពីអ្នកធ្វើដំណើរតាមដងផ្លូវដែលត្រូវប្រារព្វពិធីនៅពេលដែលរដ្ឋបាល រាជធានីភ្នំពេញបានសម្រេចបិទចរាចរជាបណ្តោះអាសន្នដើម្បីបង្កឧិកាសក្នុងការប្រារព្វពិធីប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈល្អ ប្រសើរ ហើយនៅពេលពិធីចប់ ចរាចរនឹងត្រូវបើកដំណើរការឡើងវិញជាធម្មតា៕ ដោយ ថេត វិចិត្រ + ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner