កម្ពុជាកំពុងត្រៀមបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្ត ទៅជួយចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅមីយ៉ាន់ម៉ា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានបំណងចង់បញ្ជូនក្រុមពេទ្យស្ម័គ្រចិត្តរបស់កម្ពុជា ទៅជួយចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅប្រទេសមីយ៉ាន់ម៉ា។ អនុវត្តនូវឆន្ទៈ ដ៏ថ្លៃថ្លានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងក្រសួងសុខាភិបាលកំពុងធ្វើការរួមគ្នា ត្រៀមអនុវត្តការងារនេះ។
ឯកឧត្តមបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងក្នុងនាមប្រធានការិយាល័យប្រេសិតពិសេស របស់ប្រធាន អាស៊ាន កាលពីថ្ងៃទី៣០ខែសីហា បានដឹកនាំកិច្ចប្រជុំ ជាមួយ លោកជំទាវបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល ដើម្បីផ្លាស់ប្ដូរទស្សនៈគ្នា អំពីលទ្ធភាពរបស់កម្ពុជា ក្នុងការចូលរួមចំណែកដល់ក្របខណ្ឌចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា ដូចដែលបានឯកភាពនៅក្នុងកិច្ចប្រជុំ ពិគ្រោះ យោបល់ស្ដីពីជំនួយមនុស្សធម៌អាស៊ាន ដែលបាន ធ្វើឡើងកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានី ភ្នំពេញ។
ប្រភពបានឱ្យដឹងថា ឯកឧត្តមបណ្ឌិត គង់ ភោគ បានថ្លែងថា ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ក៏កំពុងពិភាក្សាជាមួយគ្នា ពីបញ្ហាបច្ចេកទេស ក៏ដូចជាចំនួន ពេទ្យស្ម័គ្រចិត្តកម្ពុជា ឲ្យស្របទៅតាមតម្រូវការជាក់ ស្តែង។
សូមជម្រាបថា បំណងរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងជា ប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ជម្រាប ទៅ ក្រុមការងារចំពោះកិច្ចរបស់មីយ៉ាន់ម៉ាទទួលបន្ទុកការងារជំនួយមនុស្សធម៌អាស៊ាន ក្នុងដំណើរទស្សនកិច្ចទី២ របស់លោក ទៅកាន់ប្រទេសនេះ កាលពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២កន្្លងមកនេះ។
ឯកឧត្តមប្រាក់ សុខុន ធ្លាប់បានបង្ហើបថា លោកគ្រោង ពិចារណាធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ជាលើកទី៣ នៅដើមខែក្រោយនេះ ដោយយោងតាមវឌ្ឍនភាពជាវិជ្ជមាន នៅមីយ៉ាន់ម៉ា៕ ដោយ៖ សេឌី