សម្តេចតេជោសួររដ្ឋមន្ត្រីវប្បធម៌ជុំវិញការប្រឡង Miss Grand Cambodia 2022 (Video Inside)

ការបង្ហោះរូបស្លៀកពាក់បញ្ចេញកេរ្តិ៍ភេទក្នុងការប្រកួតប្រឡងបវរ «កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២» Miss Grand Cambodia 2022 របស់ផលិតកម្មមហាហង្ស បានធ្វើឱ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់សំណួរសួរទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ផលិតកម្មមហាហង្ស កាលពីថ្ងៃទី២៤សីហាឆ្នាំ២០២២ បានរៀបចំព្រឹត្តិការណ៍ «កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២» ដោយស្រ្តីប្រឡងតម្រូវឱ្យស្លៀកឈុតតំណាងរាជធានីខេត្ត ដែលគេបានរៀបចំរចនាឡើង។ ក្នុងឈុតដែលស្លៀកនោះ មានឈុតខ្លះ គឺជាឈុតដែលបញ្ចេញ កេរ្តិ៍ភេទរបស់ស្ត្រី ដែលខុសនឹងវប្បធម៌នៃប្រទេសកម្ពុជា។ រូបភាពប្រកួតប្រឡងបវរ «កញ្ញាឯកដ៏អស្ចារ្យ នៃកម្ពុជាឆ្នាំ២០២២» នោះបានបង្កឱ្យជាភាពក្តៅក្រហាយដល់សាធារណជននានា ក្នុងពេលដែលបង្ហោះតាមបណ្តាញសង្គម។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២២ បានសាកសួរលោកស្រីរដ្ឋមន្ត្រីភឿង សកុណា។

លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា បានថ្លែងថាលោកស្រីនឹងជួបជាមួយអ្នកដឹកនាំផលិតកម្មមហាហង្ស នៅថ្ងៃទី១កញ្ញាឆ្នាំ២០២២។

យោងតាមការបំភ្លឺមួយរបស់ផលិតកម្មមហាហង្សនៅថ្ងៃទី២៥ សីហា ផលិតកម្ម នោះអួតអាងថា ឈុតបង្ហាញអត្តសញ្ញាណនីមួយៗក្នុងការប្រឡង មានការ ពេញចិត្តនិងគាំទ្រពីសាធារណជន ប៉ុន្តែឈុតដែលស្លៀកតំណាងឱ្យក្រុងបាវិត, ក្រុងប៉ោយប៉ែត បានរងការរិះគន់ យ៉ាងខ្លាំងក្លា។ ទោះជាយ៉ាងណាក៏ដោយ ឈុតដែលតំណាងឱ្យខេត្តស្ទឹងត្រែង ក្រោយមកត្រូវបានរដ្ឋបាលខេត្ត បានធ្វើលិខិតតវ៉ានិងជំទាស់យ៉ាងខ្លាំងក្លាផងដែរ។

ក្រុមហ៊ុនមហាហង្ស បានទទួលស្គាល់ថាការសម្តែងនាពេលនោះបានធ្វើឱ្យប៉ះពាល់ដល់ សាវតា ទំនៀមទំលាប់ ប្រពៃណី កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់តំបន់ និងប្រជាជនខ្មែរ ដោយសារតែការមិនបានគិតគូរឱ្យគ្រប់ជ្រុងជ្រោយ, ខ្វះការត្រួតពិនិត្យនិងពិគ្រោះយោបល់ ជាមុនជាមួយអ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធ។

ads banner