មនុស្សជំនិតរបស់លោក ខឹម វាសនា ចេញមកទទួលស្គាល់កំហុសដែលបានកៀរគរប្រមូលផ្តុំប្រជាពលរដ្ឋ

ភ្នំពេញ៖ មនុស្សជំនិតរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន៦នាក់ បានចេញមកទទួលស្គាល់កំហុសដែលបានកៀរគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមានច្បាប់អនុញ្ញាត បានប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចំការទំហំ១២ហិកតា និង២៥ហិកតា ជាកម្មសិទ្ធិរបស់ឈ្មោះ នី ចាន់ពិនិត្យ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងប្រកាសឱ្យប្រជាពលរដ្ឋរំសាយការជូបជុំ ចាប់ពីពេលនេះតទៅ ក្នុងករណីមានបុគ្គលណាមួយមានការរឹងទទឹងមិនព្រមចាកចេញសូមអាជ្ញាធរចាត់ការទៅតាម ផ្លូវច្បាប់។

មនុស្សជំនិតលោក ខឹម វាសនា ទាំង៦នាក់មានដូចជា៖ លោក នី ចាន់ពិនិត្យ លោក ចិន ថុន លោក ឆឺយ ប៊ុនធឿន លោក ទូច ពុទ្ធសូរីដា លោក សួង គន្ធា និងលោក សំ សីម៉ា។ យោងតាមលិខិតកិច្ចសន្យារបស់មនុស្សទាំង៦នាក់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានសរសេរយ៉ាងដូច្នេះថា៖
១.យើងខ្ញុំសូមទទួលស្គាល់ថាពិតជាមានកំហុសដែលបានគៀរគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមាន ច្បាប់អនុញ្ញាត បានប្រព្រឹត្តនៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចំការទំហំ ១២ហិតា និង ២៥ហិតា ជាកម្មសិទ្ធិរបស់ឈ្មោះ នី ចាន់ពិនិត្យ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
២.យើងខ្ញុំសូមបញ្ឈប់ការសាងសង់ជម្រក និង រោងខុសច្បាប់ផ្សេងៗសម្រាប់ឲ្យប្រជាជនទាំងនោះបន្តរស់នៅ តទៅ ទៀតហើយ ចំណែកជម្រក និង រោងខុសច្បាប់ដែលបានសង់រួចហើយក៏ត្រូវរុះរើចេញដែរ ក្នុងករណីសាងសង់ថ្មីយើងខ្ញុំត្រូវតែ សុំច្បាប់អនុញ្ញាតពីអាជ្ញាធរឲ្យបានត្រឹមត្រូវ។
៣.យើងខ្ញុំនិងប្រកាសឲ្យប្រជាពលរដ្ឋរំសាយការជូបជុំ ការរស់នៅលើដីចំការរបស់ឈ្មោះ នី ចាន់ពិនិត្យ ទាំងពីរទីតាំង ខាងលើចាប់ពីពេលនេះតទៅ ក្នុងករណីមានបុគ្គលណាមួយមានការរឹងទទឹងមិនព្រមចាកចេញសូមអាជ្ញាធរចាត់ការទៅតាម ផ្លូវច្បាប់។ក្នុងនោះសូមបញ្ឈប់ឲ្យកម្លាំងធ្វើការរារាំងផ្លូវចេញចូលនិងឈប់ប្រើប្រាស់វិទ្យុទាក់ទង (អាយគម) ដោយគ្មានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។
៤.យើងខ្ញុំសូមសន្យាថានិងប្រកាសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដែលស្នាក់នៅខុសច្បាប់ នៅក្នុងដីចំការរបស់ខ្ញុំ ទាំងពីរ ទីតាំងខាងលើចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនក្នុងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង១៧ និង៣០នាទី ជាកំបិត។ ក្នុងករណីជនណាម្នាក់រឹងរុះមិនព្រមអនុវត្តតាម ការសំណូមពរឱ្យចាកចេញតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើនេះ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ ឬមានចំណាត់ការផ្លូវច្បាប់ឲ្យពួកគាត់ចាកចេញ។ ទន្ទឹមនេះចាប់ពីថ្ងៃនៃការប្រកាសឲ្យចាកចេញ យើងខ្ញុំសូមមិនទទួល ខុសត្រូវលើការ ដាំស្លរ ឬផ្គត់ផ្គង់អាហារឲ្យប្រជាពលរដ្ឋខាងតទៅទៀតនោះទេ។
៥.ក្នុងករណីមានបទល្មើសណាមួយកើតឡើង នៅក្នុងទីតាំងដីចំការទាំងពីរទីតាំងរបស់ខ្ញុំបានខាងលើ សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់ការទៅតាមផ្លូវច្បាប់។
៦.យើងខ្ញុំសូមមិនធ្វើការឃោសនាផ្សព្វផ្សាយណាមួយឬទទួលឲ្យប្រជាជនចូលមករស់នៅលើដីចំការរបស់ខ្ញុំ ដោយខុសច្បាប់តទៅទៀតនោះទេ។

ប្រជាពលរដ្ឋបាននាំគ្នាធ្វើដំណើរចាកចេញ ពីចម្ការម្រេចរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅតំបន់ភ្នំគូលែន ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាបណ្ដើរៗកាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។

សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាបឱ្យ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៤៖០០នាទីយប់ ពីព្រោះការជួបជុំពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាបជម្រាបជូនទៅលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី២៩ ខែសីហា ឆ្នា២០២២។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានជម្រាបជូនលោក ខឹម វាសនា ស្តីពីការធ្វើសកម្មភាពប្រមូលផ្តុំមនុស្សរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅក្នុងភូមិសាស្ត្រភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀមរាប។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋធ្វើដំណើរមកពីបណ្តារាជធានី-ខេត្ត និងក្រៅប្រទេសមកធ្វើ ការជួបជុំ និងប្រមូលផ្តុំគ្នានៅក្នុងភូមិសាស្ត្រភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងគោល បំណងដើម្បីចូលរួមស្តាប់ការពន្យល់បកស្រាយនូវអ្វីដែលលោកបានផ្សព្វផ្សាយថា លោកបានធ្វើវិបស្សនា មើលឃើញ និងបំភ្លឺសារជាថ្មីនូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ និងដំណើរនៃធម្មជាតិ(ទឹកជំនន់) ក្រោមការរៀបចំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ការជួបជុំនេះពុំបានសុំកិច្ចសហការ និងមាន ការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។ ដូច្នេះ ដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការបោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ និងសុខុមាលភាពរបស់ក្មេង ចាស់ជរា បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តសៀមរាប ជម្រាបជូន លោក ប្រធានគណបក្ស បញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕
ដោយ៖ពលជ័យ

ads banner