រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់ឱ្យដំណើរការយន្តការច្រកចេញចូលនៅតាមឃុំ សង្កាត់ទាំង ៦៧ក្នុងខេត្ត ដើម្បីកាត់បន្ថយអំពើពុករលួយ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ

បន្ទាយមានជ័យ ៖ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត បានដាក់ឱ្យដំណើរការយន្តការច្រកចេញចូលនៅតាមឃុំសង្កាត់ទាំង ៦៧ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមកាត់បន្ថយអំពើពុករលួយ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ។ យើងជាមន្ត្រី ជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន និងធានាគុណភាព។

ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត នៅស្រុកអូរជ្រៅនារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ។

តាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានតែងតាំង លោក កែវ តារារស្មី ជាអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ។

បន្ទាប់ពីលោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្តអានអនុក្រឹត្យប្រគល់អនុក្រឹត្យ និងមតិប្តេជ្ញាចិត្តរួចមក ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់អាជ្ញាធរស្រុក បំពេញការងារដោយទំនួលខុសត្រូវ និងទទួលបានសមិទ្ធផលជាច្រើនក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដូច្នេះយើងត្រូវរួមគ្នាសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរលឹកដល់អភិបាលស្រុកទើបទទួលបានការតែងតាំងថ្មីរួមនិងថ្នាក់ដឹកនាំ មន្ត្រី កងកម្លាំងប្រដាប់អាវុធ មន្ត្រីពាក់ព័ន្ធ ត្រូវបន្តខិតខំបម្រើសេវាឲ្យកាន់តែល្អថែមទៀតជូនប្រជាពលរដ្ឋ ខិតខំដោះស្រាយបញ្ហាប្រឈមនានាថែមទៀត ៕ ដោយ៖ ឃិន គន្ធា

ads banner