នាយឧត្តមសេនីយ៍ សៅ សុខា ក្រើនរំលឹកដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចស្នូល ស្មោះត្រង់ចំពោះប្រទេសជាតិ ប្រជាជន និងត្រូវគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត

ខេត្តកំពង់ធំ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែង ក្រើនរំលឹកបែបនេះ ក្នុងគ្រាដែល លោកនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំថ្មី នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ។

យោងតាមសេចក្តីសម្រេច អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ត្រូវបានផ្លាស់ប្តូរមុខតំណែងជា សមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែតាំង លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ជំនួសវិញ។

នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា ការតែងតាំង ដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ និងការផ្លាស់ប្តូរមុខតំណែង គឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ ១- ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន ,២- រៀបចំធនធានមនុស្សឱ្យស្របនឹងសមត្ថភាពជំនាញ និងនិស្ស័យ ,៣- ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន និង៤- ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យអង្គភាព ស្ថាប័ន រីកចម្រើនព្រមៗគ្នា។

នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ទៀតថា លក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថ ទាមទារនូវលក្ខណះសម្បត្តិ គឺ សុខភាពល្អ កាយសប្បទាមាំមួន មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំបញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ មានការលះបង់ ធ្វើជាគម្រូឧស្សាហព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ឬ ការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ ពីមិត្តភក្តិក្នុងអង្គភាព មហាជន និងប្រជាជន។

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងដាស់តឿន ដល់មេបញ្ជាការកងរាជអាវុធហត្ថខេត្តថ្មី ដែលទើបត្រូវទទួលបានការតែងតាំងនៅថ្ងៃនេះ គឺលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចស្នូល ត្រូវយល់ដឹងនិងអនុវត្តលើភារកិច្ច ៧ចំណុច រួមមាន ៖ ការហូប, ស្លៀកពាក់, ការស្នាក់នៅ, សុខភាព, ការអប់រំ រៀនសូត្រ, មធ្យោបាយធ្វើដំណើរ, ការកំសាន្តសប្បាយ និងការដោះស្រាយទុក្ខលំបាក, ថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់, គ្រប់គ្រងអចលនទ្រព្យ ដំណើរការ ការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព, ការងារកសាងអង្គភាព ទីកន្លែងធ្វើការងារ, ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ, ទីកន្លែងសម្រាប់ការស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព, ការងារដឹកនាំ គ្រប់គ្រង បញ្ជាអង្គភាពឲ្យមានសណ្តាប់ធ្នាប់ កងទ័ពត្រូវមានវិន័យល្អ ផ្ទៃក្នុងត្រូវមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មានមនសិការ មានភាពស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម និងយល់ច្បាស់នូវតួនាទី ភារកិច្ច។

លោកនាយឧត្តមសេនីយ៍មេបញ្ជាការ បានបន្តក្រើនរំលឹក ដល់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំថ្មី ត្រូវតែគោរពច្បាប់ គោរពវិន័យកងទ័ព ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈជាកងរាជអាវុធហត្ថ ត្រូវសហការសម្រេចភារកិច្ច ត្រូវក្តាប់ជាប់ និងអនុវត្តដោយម៉ឺងម៉ាត់ នូវទិសស្លោក ចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជាជន ត្រូវតែអនុវត្ត និងគោរពច្បាប់ និងបើមានបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ត្រូវតែបង្ក្រាបឲ្យខាងតែបានដាច់ខាត ៕ ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner