ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ៖ តួនាទី គឺជាបន្ទុកដែលត្រូវរែក មិនមែនយកតួនាទីដើម្បីទាញយកផលប្រយោជន៍ពីប្រជាពលរដ្ឋនោះទេ តួនាទីជាការរែក គឺខាងក្រោយរែកច្បាប់ ខាងមុខរែករាស្ត្រ

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនមានប្រសាសន៍ថា តួនាទី គឺជាបន្ទុកដែលត្រូវរែក មិនមែនយកតួនាទីដើម្បីទាញយកផលប្រយោជន៍ អំពីប្រជាពលរដ្ឋនោះទេ តួនាទីជាការរែក គឺខាងក្រោយរែកច្បាប់ ខាងមុខរែករាស្ត្រ ពាក្យថា រែករាស្ត្រ គឺយើងត្រូវមានភាពទំនួលខុសត្រូវ នូវអ្វីៗទាំងអស់ដែលប្រជាពលរដ្ឋយើងត្រូវការ ឱ្យយើងបំពេញ និងបម្រើ រាល់សេវាផ្សេងៗដល់បងប្អូន អ្វីទៅដែលហៅថា រែកច្បាប់ ។ ច្បាប់គឺតឹងរឹងមុតស្រួច ប៉ុន្តែអ្នក អនុវត្តច្បាប់ ត្រូវមានចរិតបត់បែន ផ្អែកលើស្ថានភាព ជាក់ស្តែង របស់បងប្អូនប្រជាពលរដ្ឋ និងតម្រូវការប្រចាំថ្ងៃ របស់លោក ប៉ុន្តែមិនអាចឲ្យខុសឬចេញពីគន្លងច្បាប់នោះទេ ហើយត្រូវចេះបំបែក ដូច្នេះការអនុវត្តច្បាប់ ត្រូវពិនិត្យ ឱ្យដល់ឬសកែវ នៃច្បាប់សឹមអនុវត្ត ទើបយើងមិនមានវិប្បដិសារី ហើយគាត់នឹងទទួលបាននូវភាពកក់ក្តៅអំពីយើង ។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាស តែងតាំង លោក អុឹម ចាន់សោធន ឋានន្តរ:ស័ក្តិ វរ:មន្ត្រី ថ្នាក់លេខ ៣ ជាអភិបាលនៃគណៈអភិបាលស្រុកទឹកឈូ ជំនួស លោក នាក់ សុវណ្ណារី ដែលត្រូវបានតែងតាំង ជាអភិបាលស្រុកឈូក នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ នៅសាលាស្រុកទឹកឈូ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ផងដែរ ។

លោក អុឹម ចាន់ សោធន ដែលទេីបទទួលតំណែង ជាអភិបាលស្រុកទឹកឈូ ថ្មី បានប្តេជ្ញាថា៖
១-ប្តេជ្ញាគោរព និងប្រតិបត្តិដោយភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ
២-ខិតខំ និងយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តអោយបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងដំណាក់កាលជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល
៣-ខិតខំរៀនសូត្រពង្រឹងនិងបង្កើនសមត្ថភាពបន្ថែម ដើម្បីអនុវត្តតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន
៤-ប្តេជ្ញាពង្រឹងរបៀបរបបធ្វើការងារ និងទំនាក់ទំនងល្អរវាងក្រុមប្រឹក្សានិងគណ:អភិបាល
៥-ប្តេជ្ញាពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព
៦-រក្សាសាមគ្គីភាពផ្ទៃក្នុង គណ:អភិបាលក្រុមប្រឹក្សា និងមន្ត្រី-បុគ្គលិកក្រោមឱវាទរដ្ឋបាលស្រុក ពង្រីកកិច្ចសហការល្អជាមួយបណ្ដាមន្ទីរនានា។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត មានប្រសាស៍ថា ថ្ងៃនេះយើងមានការប្រកាសតែងតាំង អភិបាលស្រុកទឹកឈូ ថ្មី ដូច្នេះប្រធានបទ គឺ ក្រោយពីបានប្រកាសរួចយើងត្រូវតែមានការរៀបចំផែនការ ការងារ ដើម្បីឈ្ពោះទៅមូលដ្ឋាន ទីដែលប្រមូលផ្តុំ នូវសមិទ្ធិផលនានា ជាតម្រូវការ តាមសំណូមពរ និងការចាំបាច់បំផុត របស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះតួនាទីលោកអភិបាលស្រុក ក៍
ដូចជាអស់លោក ទាំងអស់ ដែលមានវត្តមានក្នុងថ្ងៃនេះ គឺមានសារ:សំខាន់ណាស់ លើសុខទុក្ខប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងការអនុវត្តច្បាប់ នេះគឺជាតួនាទី សម្រាប់យើងទាំងអស់គ្នាដែលត្រូវធ្វើ ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់លោកអភិបាលស្រុកថ្មីដែលទើបទទួលតំណែងត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ ពង្រឹងការទំនាក់ទំនងល្អជាមួយ មន្ទីរ អង្គភាពជំនាញ រដ្ឋ បាល ក្រុង រដ្ឋបាល ឃុំ សង្កាត់ និងភូមិ សំដៅលើកកំពស់ការផ្តល់សេវាសាធារណៈ និង សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ៕ Sila Sarin

ads banner