សហភាពអឺរ៉ុបនឹងរឹតបន្តឹងច្បាប់ធ្វើដំណើរលើពលរដ្ឋរុស្ស៊ី ប៉ុន្តែមិនហាមប្រាមទិដ្ឋាការទេ

ប្រាក៖ បណ្តាប្រទេសសហភាពអឺរ៉ុប នៅថ្ងៃពុធសប្តាហ៍នេះ បានព្រមព្រៀងគ្នារឹតបន្តឹងលើពលរដ្ឋរុស្ស៊ី ក្នុងការធ្វើដំណើរចូលទៅក្នុងប្លុកដែលមាន ២៧ប្រទេសនេះ ប៉ុន្តែពួកគេបានបរាជ័យលើការឯកភាពគ្នាដាក់បម្រាមទេសចរណ៍ទាំងស្រុង ជាការឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។

នៅក្នុងកិច្ចពិភាក្សានៅសាធារណរដ្ឋឆេក រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានអស់សង្ឃឹមក្នុងការបង្ហាញពីការរួបរួម និងដាក់ទណ្ឌកម្មបន្ថែមលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចំពោះការចាប់ផ្តើមសង្រ្គាមកាលពី ៦ខែមុននៅអ៊ុយក្រែន។

ថ្លែងបន្ទាប់ពីធ្វើជាប្រធានកិច្ចប្រជុំនៅរដ្ឋធានីប្រាក សាធារណរដ្ឋឆែក ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសេប បូរែល បាននិយាយថា ការកើនឡើងនៃចំនួនប្រជាជនរុស្ស៊ីមកកាន់អឺរ៉ុប ចាប់តាំងពីពាក់កណ្តាលខែកក្កដា ដោយអ្នកខ្លះមកដើម្បីលេងកម្សាន្ត និងដើរទិញឥវ៉ាន់ ហាក់ដូចជាគ្មានសង្រ្គាមកំពុងឆាបឆេះនៅអ៊ុយក្រែន។

យ៉ាងណាមិញ ផែនការឥឡូវនេះ គឺដើម្បីធ្វើឱ្យវាកាន់តែចំណាយពេលវេលា និងចំណាយកាន់តែច្រើនសម្រាប់ពលរដ្ឋរុស្ស៊ី ក្នុងការទទួលបានទិដ្ឋាការរយៈពេលខ្លី ដើម្បីចូលទៅក្នុងតំបន់ធ្វើដំណើរដោយគ្មានលិខិតឆ្លងដែនរបស់អឺរ៉ុប ដែលជាតំបន់ចំនួន ២៦ ដែលបង្កើតឡើងដោយសមាជិកសហភាពអឺរ៉ុបភាគច្រើន បូករួមទាំងអ៊ីស្លង់ លិចតិនស្តាញ ន័រវេស និងស្វីស ដែលត្រូវបានគេស្គាល់ថា ជាតំបន់ Schengen។

ការផ្លាស់ប្តូរនេះនឹងធ្វើឡើងដោយការបង្កកកិច្ចព្រមព្រៀងឆ្នាំ២០០៧ ដើម្បីសម្រួលដល់ការធ្វើដំណើររវាងរុស្ស៊ី និងអឺរ៉ុប។ បន្ថែមលើនេះ សហភាពអឺរ៉ុបក៏បានរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់មន្ត្រី និងពាណិជ្ជកររុស្ស៊ីផងដែរ ស្ថិតក្រោមកិច្ចព្រមព្រៀងកាលពីខែឧសភា៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner