អ៊ីរ៉ង់ស្វែងរកការធានាកាន់តែរឹងមាំពីសហរដ្ឋអាមេរិក ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥
តេហេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ហូសេន អាមីរ៉ាអាប់ឌុលឡាហ៊ាន បានថ្លែងក្នុងថ្ងៃពុធសប្តាហ៍នេះថា ប្រទេសរបស់លោកត្រូវការការធានាដែលរឹងមាំជាងមុនពីសហរដ្ឋអាមេរិក ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ ហើយថា ទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ នៃអង្គការសហប្រជាជាតិ គួរទម្លាក់ចោលការស៊ើបអង្កេតដែលមានហេតុផលនយោបាយ ជុំវិញការងារនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។
បន្ទាប់ពីកិច្ចចរចាដោយប្រយោលរយៈពេល ១៦ខែ រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសេប បូរែល បាននិយាយកាលពីថ្ងៃទី០៨ ខែសីហាថា អឺរ៉ុបបានដាក់សំណើចុងក្រោយដើម្បីជម្នះភាពជាប់គាំងសម្រាប់ការរស់ឡើងវិញនៃកិច្ចព្រមព្រៀង។
លោក អាមីរ៉ាអាប់ឌុលឡាហ៊ាន បានថ្លែងក្នុងសន្និសិទសារព័ត៌មានជាមួយសមភាគីរុស្ស៊ីលោក សឺហ្គៃ ឡារូវ ក្នុងទីក្រុងម៉ូស្គូថា អ៊ីរ៉ង់កំពុងពិនិត្យមើលដោយប្រុងប្រយ័ត្ននូវអត្ថបទដែលបានព្រាងដោយសហភាពអឺរ៉ុប… យើងត្រូវការការធានាកាន់តែខ្លាំងពីភាគីម្ខាងទៀត ដើម្បីឱ្យមានកិច្ចព្រមព្រៀងប្រកបដោយនិរន្តរភាព។
យ៉ាងណាមិញ លោក អាមីរ៉ាអាប់ឌុលឡាហ៊ាន មិនបានបញ្ជាក់លម្អិតអំពីការធានាកាន់តែរឹងមាំនោះទេ ប៉ុន្តែក្នុងអំឡុងពេលជាច្រើនខែនៃកិច្ចពិភាក្សាជាមួយអាមេរិកនៅទីក្រុងវីយែន អ៊ីរ៉ង់បានទាមទារការធានាពីទីក្រុងវ៉ាស៊ីនតោនថា គ្មានប្រធានាធិបតីអាមេរិកនាពេលអនាគតនឹងបោះបង់ចោលកិច្ចព្រមព្រៀងនេះ ដូចអតីតប្រធានាធិបតីមេរិកលោក ដូណាល់ ត្រាំ បានធ្វើក្នុងឆ្នាំ២០១៨ទៀតឡើយ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា