សហរដ្ឋអាមេរិកប្តេជ្ញានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរឡើយ

វ៉ាស៊ីនតោន៖ សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក យ៊ែរ ឡាភីដ ក្នុងថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋ អាមេ រិកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរនោះទេ ខណៈដែលទីក្រុងតេហេរ៉ង់ស្វែងរកការធានាកាន់តែខ្លាំងពីទីក្រុងវ៉ាស៊ីនតោន សម្រាប់ការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភព លោកឡើងវិញ។

សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតីបានគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ ហើយនៅក្នុងការសន្ទនាតាមទូរស័ព្ទរបស់លោក បៃដិន និងលោក ឡាភីដ ក៏បានពិភាក្សាអំពីការគំរាមកំហែងដែលបង្កឡើងដោយអ៊ីរ៉ង់ផងដែរ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក បៃដិន ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបញ្ចប់ការចរចាព្រំដែនសមុទ្ររវាងអ៊ីស្រាអែល និងលីបង់ផងដែរ។
បើតាមការិយាល័យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល មេដឹកនាំទាំងពីរបានពិភាក្សាគ្នាយ៉ាងវែងឆ្ងាយ អំពីការចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកលោក ក្នុងការបញ្ឈប់ការរីកចម្រើនរបស់អ៊ីរ៉ង់ ឆ្ពោះទៅរកអាវុធនុយក្លេអ៊ែរ។

អ៊ីស្រាអែលបានប្រឆាំងនឹងការវិលត្រឡប់ទៅកាន់កិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលបានទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិលើទីក្រុងតេហេរ៉ង់៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner