អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងដឹងខ្លួនថាចាញ់មុនការប្រកួត ដោយត្រូវប្រឈមជាមួយលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគតដ៏ខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖ ក្រុមប្រឆាំងតែងតែលើកឡើងអំពីផែនការបន្តវេនដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និយាយជារួម និង និយាយដោយឡែក ការបន្តវេនដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត ដោយចោទប្រកាន់ថាការឡើងបន្តវេនដឹកនាំប្រទេសរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត គឺជាការបន្តវេនដឹកនាំស្នងពីឪពុក។ រឿងមួយទៀត ក៏ដូចគ្នាដែរ គឺក្រុមប្រឆាំងតែងតែលើកឡើងដដែលជាដដែលអំពីការបែកបាក់ផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជាក្នុងរឿងបន្តវេនដឹកនាំប្រទេសជាតិ ហើយឥឡូវនេះ ពួកក្រុមប្រឆាំងតាមរយៈអ្នកវិភាគពុលទឹកមាត់មួយចំនួន បានបន្តមកដល់ការលើកឡើងរឿងដណ្តើមគ្នាដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រីរវាងឯកឧត្តម ហ៊ុន ម៉ាណែត និង ឯកឧត្តម ហ៊ុន ម៉ានី ដែលជាបងប្អូនបង្កើត។ តើមូលហេតុអ្វីបានជាក្រុមប្រឆាំងតែងតែញុះញង់និងអុជអាលអំពីរឿងទាំងអស់នេះ ហើយបែរជាមិនគិតខិតខំប្រឹងប្រែងដើម្បីស្វែងរកបេក្ខភាពនាយករដ្ឋមន្ត្រីឱ្យបានល្អ ហើយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ?

ទី១- ក្រុមប្រឆាំងបានទទួលយកការបរាជ័យមុនការប្រកួត ឬថា ជាការចុះចាញ់មុនការប្រកួត ទាំងសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ទាំងសម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់ខាងមុខ។ ក្រុមប្រឆាំងពុំមានឡើយនូវក្តីសង្ឃឹម សូម្បីតែបន្តិច សម្រាប់ឈ្នះការបោះឆ្នោតនាពេលខាងមុខ ដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រី។ និយាយម្យ៉ាងទៀត អ្វីដែលបានលើកឡើងខាងលើ គឺបង្ហាញច្បាស់នូវការពិតនយោបាយមួយ ហើយវាស្ថិតក្នុងការគិតរួចទៅហើយរបស់ក្រុមប្រឆាំង គឺ ការបាត់បង់អស់រលីងនូវក្តីសង្ឃឹម ហើយទទួលយករួចទៅហើយនូវបរាជ័យរបស់ខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ ជាពិសេស គឺការទទួលស្គាល់ចាប់ពីពេលទៅថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា, របស់ប្រជាជនកម្ពុជា និងរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឆាំងពិតជាគ្មានសង្ឃឹមថានឹងឈ្នះការបោះឆ្នោតឡើយ ហើយក៏មិនអាចដណ្តើមប្រជាប្រិយភាពពីគណបក្សប្រជាជនកម្ពុជា ពីសម្តេចតេជោ ហ៊ុន សែន និងពីឯកឧត្តម ហ៊ុន ម៉ាណែតឡើយ។ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្តសម្រាប់ជាបេក្ខជននាយករដ្ឋមន្ត្រីនាអនាគត ហើយដែលកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត មានភាពសកម្មលើផ្នែកកិច្ចការការទូតជាមួយបណ្តាប្រទេសជាមិត្តទាំងអស់។ ចំណុចទាំងនេះ ដែលធ្វើឱ្យក្រុមប្រឆាំងបាត់បង់ជំនឿលើខ្លួនឯង និងគ្មានក្តីសង្ឃឹមអ្វីបន្តិចឡើយ។

ទី២- ការរត់តាមក្រោយសភាពការណ៍គឺជាទម្លាប់របស់ក្រុមប្រឆាំងហើយការវាយតម្លៃខុសលើគ្រប់ស្ថានការណ៍គឺជាមូលដ្ឋានគ្រឹះនៃបរាជ័យរបស់ក្រុមប្រឆាំង។ ក្រុមប្រឆាំងជ្រុលនិយមគួរយល់ថា ការត្រៀមលក្ខណៈសម្រាប់ការបន្តវេនដឹកនាំប្រទេស ជារឿងធម្មតានៃការងារនយោបាយរបស់គណបក្សនយោបាយដែលមានទស្សនៈវែងឆ្ងាយ ក្នុងការបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ប្រកបដោយនិរន្តរភាព ហើយវាជាកិច្ចការផ្ទៃក្នុងរបស់គណបក្សនីមួយៗ។ប៉ុន្តែទោះបីយ៉ាងណា ការបន្តវេនដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជាក្តី ឬការប្រកួតប្រជែងដឹកនាំប្រទេសរបស់គណបក្សនយោបាយនីមួយៗក្តី គឺត្រូវគោរពតាមគោលការណ៍ និងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ពោលគឺ ការបោះឆ្នោតពីប្រជាជនកម្ពុជាតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។

ការខិតខំព្យាយាមអុជអាល ញុះញង់របស់ក្រុមប្រឆាំងលើការបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាគ្រាន់តែជាយុទ្ធសាស្ត្រចាញ់-ចាញ់ប៉ុណ្ណោះ។ ចាញ់ដោយសារតែពួកគេគ្មានលទ្ធភាពនឹងរកបេក្ខភាពដែលមានសមត្ថភាព និងទេពកោសល្យដឹកនាំ និងពោរពេញដោយប្រជាប្រិយភាពដូចឯកឧត្តម ហ៊ុន ម៉ាណែត ឡើយ។ ចាញ់ដោយសារតែពួកគេគិតថាពួកគេគ្មានក្តីសង្ឃឹមអាចដណ្តើមជំនឿទុកចិត្តរបស់ប្រជាជនពីគណបក្សប្រជាជនកម្ពុជាបានឡើយ ខណៈពួកគេគ្មានលទ្ធភាពនឹងគ្រប់គ្រងដឹកនាំកូនបក្សតូចមួយ ឬក្រុមប្រឆាំងមួយក្តាប់តូចរបស់ខ្លួនផង។

ទី៣- ក្រុមប្រឆាំងមិនត្រឹមតែចុះចាញ់មុនការប្រកួតក្នុងការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ ប៉ុណ្ណោះទេ ប៉ុន្តែ បានមើលឃើញយ៉ាងច្បាស់ថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីម្នាក់ដ៏ខ្លាំងនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ហើយសម្រាប់រយៈពេលវែង ក្រុមប្រឆាំងនឹងកាន់តែអស់សង្ឃឹមក្នុងការផ្តួលគណបក្សប្រជាជនកម្ពុជា ខណៈដែលក្រុមប្រឆាំង មិនទាន់នឹងបាននឹកគិតឃើញអំពីផែនការបន្តវេននៅឡើយ ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជា បានរៀបចំ និងដាក់ចេញបានយ៉ាងល្អនូវផែនការនៃការបន្តវេនដឹកនាំប្រទេស ទាំងលើបទពិសោធការងារ ទាំងលើការទទួលបានភាពចាស់ទុំខាងនយោបាយ និង ការដឹកនាំប្រទេស និងទាំងលើប្រជាប្រិយភាពនយោបាយជាមួយប្រជាជនកម្ពុជា តាមរយៈការធ្វើអំពើល្អជាមួយប្រជាជន, ការបង្កើតបាននូវស្នាដៃរាប់មិនអស់ដើម្បីឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន និងការរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈក្រោមម្លប់នៃសន្តិភាព។

យុទ្ធសាស្ត្រអុជអាលរបស់អ្នកវិភាគពុលទឹកមាត់ និងក្រុម ប្រឆាំងរត់ចោលស្រុកដើម្បីបំបែកបំបាក់ និងទាញទម្លាក់ជំនឿទុកចិត្តរបស់ពលរដ្ឋមកលើគណបក្សប្រជាជន និងជាពិសេសលើឯកឧត្តម ហ៊ុន ម៉ាណែត នឹងមិនបានជោគជ័យឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ថា «ខ្ញុំសូមផ្តាំទៅវិញ បើគ្រួសាររបស់លោកអ៊ីចឹង លោកកុំគិតថាគ្រួសាររបស់ខ្ញុំ ដូចគ្រួសាររបស់លោក ព្រោះគ្រាន់តែប្រពន្ធក៏លោកបានលែងលះគ្នាដែរ សូម្បីតែប្រពន្ធរបស់លោកមិនត្រូវផង តើលោកមានរឿងអីត្រូវជាមួយខ្ញុំ។ បើគ្រួសាររបស់លោកស្មោគគ្រោកចេះច្រណែនគ្នារវាងបងប្អូន ប្រពន្ធ ប្តី អាហ្នឹងរឿងគ្រឿងគ្រួសារលោក តែគ្រួសារខ្ញុំផ្សេង កូនរបស់ខ្ញុំ ចៅរបស់ខ្ញុំ ខ្ញុំកម្រិតត្រឹមតែចៅរបស់ខ្ញុំទៅចុះ បងប្អូនគេ មានឋានានុក្រមរបស់គេ ស្តាប់បងរបស់គេណាស់ គេគ្មានមហិច្ឆតាដើម្បីធ្វើនាយករដ្ឋមន្ត្រីជំនួសបងរបស់គេ…!»។

ក្រោយសម្តេចតេជោប្រតិកម្មឆ្លើយតបនឹងក្រុមអ្នកវិភាគដូរបាយ ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ទុកការវិភាគនិងការបកស្រាយទាំងឡាយរបស់អ្នកវិភាគរត់ចោលស្រុក គ្រាន់តែជាការបង្ហាញឱ្យឃើញកាន់តែច្បាស់ពីភាពភិតភ័យរបស់ក្រុមអ្នកវិភាគទាំងនោះ ចំពោះកម្លាំងសាមគ្គីភាពដ៏រឹងមាំនៃថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ «កន្លងមក ខ្ញុំសង្កេតថាឃើញមានការបកស្រាយ និងបទវិភាគជាបន្តបន្ទាប់ស្តីពីខ្ញុំ និងបងណែត ដែលការវិភាគទាំងនោះ មានចេតនាអុជអាល និងញុះញង់ ហើយជួនពេលខ្លះ ក៏ជាការវិភាគដែលគួរឲ្យអស់ សំណើចទៅទៀតផង។ ដូចអ្វីដែលពុក បានលើកឡើងកាលពីព្រឹកមិញក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី ខ្ញុំសូមជម្រាបថា ខ្ញុំ និងបងណែត និងក្រុមគ្រួសារយើងទាំងអស់គ្នា យល់ច្បាស់ណាស់ពីចរិតនៃការបកស្រាយ និងបទវិភាគក្នុងចេតនាបំបែកបំបាក់ទាំងនោះ ហើយយើងអរគុណទៅវិញទេ ដែលការវិភាគទាំងនោះ បានក្លាយទៅជាមូលដ្ឋានសាមគ្គីភាពផ្ទៃក្នុងបន្ថែមទៀតសម្រាប់ក្រុមគ្រួសាររបស់យើង។ ដូចអ្វីដែលខ្ញុំធ្លាប់បានបកស្រាយជាសាធារណៈ និងជាបន្តបន្ទាប់កន្លងមកថាខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពបង ណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តីបន្តពីពុក ហើយការគាំទ្រនេះ មិនត្រឹមតែស្តែងចេញពីការលើកឡើងរបស់ខ្ញុំជាហូរហែប៉ុណ្ណោះទេ វាក៏ស្ដែងចេញតាមទង្វើទាំងឡាយដែលខ្ញុំបាន និងកំពុងធ្វើនាពេលកន្លងមក។ លើសពីក្នុងក្របខណ្ឌក្រុមគ្រួសារយើង ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាយើងទាំងអស់ នាពេលកន្លងមក និងជាបន្តបន្ទាប់ ក៏បានបង្ហាញការគាំទ្រចំពោះបេក្ខភាពរបស់បងណែតនេះដែរ ដែលផ្ទុយទៅវិញ ការបកស្រាយអុចអាលទាំងអម្បាលម៉ាននេះ គ្រាន់តែជាអ្វីដែលបង្ហាញឲ្យយើង អាចឃើញកាន់តែច្បាស់ពីភាពភិតភ័យរបស់ក្រុមអ្នកវិភាគទាំងនោះ ចំពោះកម្លាំងសាមគ្គីភាពដ៏រឹងមាំនៃថ្នាក់ដឹកនាំ សមាជិក សមាជិកានៃបក្សយើង»។

ដូច្នេះច្បាស់ណាស់ថា កាលដែលក្រុមប្រឆាំងព្យាយាមលើកម្តងហើយម្តងទៀតលើការបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងផ្សព្វផ្សាយព័ត៌មានមិនពិតថាមានការបែកបាក់ផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជាលើការបន្តវេនគឺជាការបញ្ជាក់ពីការអស់សង្ឃឹមទាំងស្រុង របស់ក្រុមប្រឆាំងក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២៣ និងក្នុងឆ្នាំជាបន្តបន្ទាប់ និងហាក់ដូចជាបានប្រកាសការចុះចាញ់មុនប្រកួតរួចជាស្រេចទៅហើយ។ តាមពិតក្រុមប្រឆាំងគួរតែខំរៀបចំឲ្យមានការបន្តវេនដឹកនាំនៅក្នុងក្រុមរបស់ខ្លួន និងរត់ឲ្យទាន់សភាពការណ៍នយោបាយនៅកម្ពុជា ពិសេសកុំនៅក្រាញននៀលចាញ់ហើយចាញ់ទៀត ចាញ់ជារៀងរហូតដល់ទីបញ្ចប់ទាំងជីវិតនយោបាយ និងជីវិតផ្ទាល់ខ្លួន៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២

ads banner