ថ្នាក់ដឹកនាំក្រសួងបរិស្ថានចូលរួមផ្តល់ធាតុចូលក្នុង«កិច្ចប្រជុំរួមគ្នាថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ» ក្នុងក្របខណ្ឌក្រុមប្រទេសG20

ឥណ្ឌូនេស៊ី៖ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ»ដែលបានរៀបចំឡើងក្របខណ្ឌក្រុមប្រទេសG20 ក្រោមមូលបទ «ស្តារឡើងវិញរួមគ្នា ស្តារឡើងវិញកាន់តែរឹងមាំជាងមុន» នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅបាលី សាធារណរដ្ឋឥណ្ឌូនេស៊ីត្រូវបានបិទបញ្ចប់ទៅវិញហើយដោយថ្នាក់ដឹកនាំក្រសួងបរិស្ថានបានសម្តែងស្វាគមន៍ការពង្រីកភាពជាដៃគូអន្តរជាតិនិងវិស័យឯកជនពីការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សា មុនសរុបបិទ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានចូលរួមផ្តល់ធាតុចូលដល់អង្គប្រជុំថា៖ ការបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ចាំបាច់ត្រូវអនុវត្តទន្ទឹមគ្នា ដែលនឹងជួយធានាថា ដំណោះស្រាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនឹងមានប្រសិទ្ធភាពប្រសិទ្ធផល ចូលរួមលើកកម្ពស់អត្ថប្រយោជន៍រួម និងសុខុមាលភាពសង្គម។

ឯកឧត្តម បានថ្លែងក្នុងពិធីនេះថា” កម្ពុជាស្វាគមន៍ការពង្រីកភាពជាដៃគូជាមួយដៃគូអន្តរជាតិ និងវិស័យឯកជន ដើម្បីអនុវត្តយន្តការជំរុញបន្លាស់ប្តូរឈានទៅរកសេដ្ឋកិច្ចធន់ និងបញ្ចេញកាបូនទាប ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូនដល់ក្រុមប្រទេសG20 បណ្តាប្រទេស និងភាគីនានាដែលបានចូលរួមកិច្ចប្រជុំនេះថា៖ កម្ពុជាក្នុងនាមជាប្រធានផ្លាស់វេនអាស៊ានកំពុងដឹកនាំរៀបចំសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់សន្និសីទកំពូលលើកទី២៧បណ្តាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP-27) នៅប្រទេសអេហ្សីបនាចុងឆ្នាំនេះ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីបរិស្ថាន និងព្រៃឈើ ឥណ្ឌូនេស៊ី ក្នុងនាមជាប្រទេសប្រធានផ្លាស់វេនក្រុមប្រទេសG20សម្រាប់ឆ្នាំ២០២២ ដែលមានប្រតិភូចូលរួម រួមមានរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៃបណ្តាក្រុមប្រទេស G20 បណ្តាប្រទេសជាភ្ញៀវដែលក្នុងនោះមានកម្ពុជាផងដែរក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន និងអង្គការក្រោមឆ័ត្រអង្គការសហប្រជាជាតិមួយចំនួន ៕ ប្រភព ៖ ក្រសួងបរិស្ថាន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner