រុស្ស៊ីកំពុងប្រឈមនឹងកង្វះកងទ័ពយ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមអ៊ុយក្រែន
វ៉ាស៊ីនតោន៖ យោងតាមការរកឃើញថ្មីមួយរបស់ចារកម្មអាមេរិក បានឱ្យដឹងក្នុងថ្ងៃពុធសប្តាហ៍នេះថា រុស្ស៊ីកំពុងរងទុក្ខដោយសារតែការខ្វះខាតកម្លាំងមនុស្សយ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្គ្រាមរយៈពេល ៦ខែជាមួយអ៊ុយក្រែន ហើយកាន់តែអស់សង្ឃឹមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីស្វែងរកកងទ័ពថ្មីបញ្ជូនទៅកាន់សមរភូមិមុខ។
រដ្ឋាភិបាលអាមេរិកបានលើកឡើងពីការរកឃើញរបស់ខ្លួនខាងលើនេះ ចំពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុន បានបញ្ជាឱ្យយោធារបស់ខ្លួនបង្កើនចំនួនទាហាន ១៣៧.០០០នាក់ឱ្យស្មើចំនួនសរុប ១,១៥ លាននាក់។
ក្រឹត្យរបស់លោក ពូទីន ដែលចូលជាធរមាននៅថ្ងៃទី ១ ខែមករាឆ្នាំក្រោយ មិនបានបញ្ជាក់ថាតើយោធានឹងបង្កើនចំនួនទាហានរបស់ខ្លួន ដោយជ្រើសរើសទាហានថ្មីកាន់តែច្រើន, បង្កើនចំនួនទាហានស្ម័គ្រចិត្ត ឬ ប្រើទាហានទាំងពីររួមបញ្ចូលគ្នា ឬយ៉ាងណានោះទេ។
បើតាមមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន AP ក្នុងពិភាក្សាអំពីការរកឃើញនៃផ្នែកចារកម្មសម្ងាត់ថា រុស្សីកំពុងស្វែងរកការដោះស្រាយកង្វះខាតកងទ័ពមួយផ្នែក ដោយការបង្ខំឱ្យទាហានដែលរងរបួសកាលពីមុននៅក្នុងសង្គ្រាមឱ្យត្រឡប់ទៅប្រយុទ្ធវិញ និងដោយជ្រើសរើសបុគ្គលិកពីក្រុមហ៊ុនសន្តិសុខឯកជន និងសូម្បីជ្រើសរើសបុគ្គលិកពីពន្ធនាគារ។
មន្ត្រីដដែលនេះ បានសង្កត់ធ្ងន់ថា សហគមន៍ស៊ើបការណ៍សម្ងាត់បានកំណត់ថា ជំហានមួយដែលក្រសួងការពារជាតិរុស្ស៊ីត្រូវគេរំពឹងថា នឹងចាត់វិធានការក្នុងពេលឆាប់ៗនេះ គឺជ្រើសរើសឧក្រិដ្ឋជនដែលត្រូវបានកាត់ទោសឱ្យចុះឈ្មោះ ជាថ្នូរនឹងការលើកលែងទោស និងសំណងហិរញ្ញវត្ថុ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា