គ្រូឧទ្ទេសរបស់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា៣០រូប យល់ដឹងអំពីគន្លឹះនៃការបង្រៀនមុខវិជ្ជាអប់រំកាយ និងកីឡា កាន់តែច្បាស់ ក្រោយឆ្លងកាត់សិក្ខាសាលាវគ្គបំប៉នគ្រូឧទ្ទេសរយៈពេល៣ថ្ងៃ
សិក្ខាកាមដែលជាគ្រូឧទ្ទេសប្រចាំវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាចំនួន៣០រូប បានយល់ដឹងពីគន្លឹះនៃការបង្រៀនថ្នាក់បរិញ្ញាបត្រសម្រាប់មុខវិជ្ជាអប់រំកាយនិងកីឡាទៅកាន់គរុនិស្សិតកាន់តែច្បាស់និងមានគុណភាពស្តង់ដារបន្ថែមទៀត ក្រោយពីឆ្លងកាត់សិក្ខាសាលាវគ្គបំប៉នគ្រូឧទ្ទេសអប់រំកាយ ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស រយៈពេល៣ថ្ងៃនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។ នេះបើយោងតាម ការបញ្ជាក់ របស់ លោក កែវ សុចិត្រា អនុប្រធានអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ថ្លែង ប្រាប់ទូរស្សន៍ អប្សរា ក្រោយបិទបញ្ចប់ សិក្ខាសាលា កាលពីល្ងាចថ្ងៃទី៣១ ខែ សីហា ម្សិលមិញ ។
លោក កែវ សុចិត្រ បានគូសបញ្ជាក់ថា សិក្ខាសាលាមួយនេះ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសបានរៀបចំឡើង ក្នុងគោលដៅជំរុញឲ្យការបង្រៀនរបស់គ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាកាន់តែមានគុណភាពខ្ពស់ឆ្លើយតបទៅនិងស្តង់ដារសម្រាប់ការបង្រៀនថ្នាក់បរិញ្ញាបត្រ។
អនុប្រធានរូបនេះ បានពន្យល់ថា សិក្ខាសាលាវគ្គបំប៉ននេះ សិក្ខាកាមដែលជាគ្រូឧទ្ទេសទាំងអស់បានជជែកពិភាក្សាវែកញែកគ្នា ជាមួយអ្នកជំនាញរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដោយបង្ហាញនូវបញ្ហាប្រឈមនៃការបង្រៀនកន្លងមក និងជជែកពិភាក្សាគ្នារកគន្លឹះវិធីសាស្រ្តថ្មីៗធ្វើយ៉ាងឲ្យការបង្រៀនថ្នាក់កម្រិតបរិញ្ញាបត្រនៃមុខវិជ្ជាអប់រំកាយ និងកីឡាក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាកាន់តែមានគុណភាពល្អនៅពេលខាងមុខ។
លោក បានបញ្ជាក់ទៀតថា បន្ទាប់ពីជជែកពិភាក្សាជាមួយគ្នាយ៉ាងលំអិតក្នុងសិក្ខាសាលរយៈពេល៣ថ្ងៃនេះ សិក្ខាកាមដែលជាគ្រូឧទ្ទេសទាំងអស់បានយល់ដឹងកាន់តែច្បាស់ធ្វើឲ្យគុណភាពនៃការបង្រៀនរបស់ពួកគេឈានទៅរកកម្រិតគុណភាពខ្ពស់សម្រាប់ការបង្រៀនចែករំលែកទៅកាន់គរុនិស្សិត។
លោក តូ រិទ្ធីយ៉ា នាយកស្តីទី វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានលើកឡើងថា សិក្ខាសាលាស្តីអំពី វគ្គបំប៉នគ្រូឧទ្ទេសអប់រំកាយ ដែលផ្តល់ជូនដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមានរយៈពេល៣ថ្ងៃនេះ បានផ្តល់ចំណេះដល់សិក្ខាកាមអំពីនិតិវិធីនៃការចងក្រងកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀនមុខវិជ្ជាអប់រំកាយរបស់សកលវិទ្យាល័យNITTAIDAI ដើម្បីអាចឲ្យសិក្ខាកាមជាគ្រូឧទ្ទេសយកទៅអនុវត្តក្នុងការបង្រៀនប្រកបដោយគុណភាព និងអាចប្រើប្រាស់បានដោយប្រសិទ្ធភាព ក្នុងការបង្រៀន និងរៀនក្នុងកម្មវិធីសិក្សាបរិញ្ញាបត្រអប់រំកាយស្របតាមបទដ្ឋានជាក់ស្តែងនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។
លោក ឌួង មាសចំរើន អគ្គនាយករង អគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា សិក្ខាកាមដែលឆ្លងកាត់សិក្ខាសាលាវគ្គបំប៉នគ្រូឧទ្ទេស រយៈពេល៣ថ្ងៃនេះ សូមរក្សាឲ្យបាននូវពុទ្ធិចំណេះទាំងអស់ឲ្យដក់ដិតដាមជាប់អារម្មណ៍យកទៅឆ្នៃប្រឌិតសម្រាប់ការបង្រៀនជូនដល់គរុសិស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីឲ្យគរុនិស្សិតដែលជាអ្នកបន្តវេនបានចែករំលែកនូវចំណេះដឹងទាំងនេះដល់សិស្សានុសិស្សគ្រប់មូលដ្ឋានខេត្ត ក្រុង និងស្រុក។
អគ្គនាយករង អគ្គនាយកដ្ឋានកីឡាខាងលើ បាន ថ្លែងអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលតែងតែជួយគម្រោងក្នុងវិស័យអប់រំកាយនិងកីឡា ចាប់ពីកម្រិតបឋមសិក្សា ដល់ ថ្នាក់បរិញ្ញាបត្រ ក្នុងន័យជួយអភិវឌ្ឍវិស័យអប់រំកាយនិងកីឡានៅកម្ពុជាកាន់តែរីកចំរើន៕ អត្ថបទ៖ ជាវ ចន្ធូ