ឯកឧត្តម វ៉ាត់ ចំរើន ៖ ជម្រុញអោយសហព័ន្ធកីឡាជាតិ មិនធ្លាប់រៀបចំធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិ ត្រូវពង្រឹងបច្ចេកទេសតាមជំនាញកីឡារៀងៗខ្លួន
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយមន្ត្រីបច្ចេកទេស៣៩សហព័ន្ធកីឡាជាតិ ត្រៀមសម្រាប់គោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ការត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាជាតិទាំងអស់ បានឯកភាពគ្នាផ្ទៃក្នុង ផ្នែកលើយុទ្ធសាស្ត្របច្ចេកទេស តាមប្រភេទកីឡាជំនាញនីមួយៗ បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជា ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC។
ឯកឧត្តម បន្តថា ដើម្បីជួយជំរុញឲ្យសហព័ន្ធជាតិនីមួយៗទទួលបានគោលការណ៍ច្បាស់លាស់ ក្នុងការត្រៀមរៀបចំការប្រកួតឲ្យទទួលបានជោគជ័យ ត្រូវស្វែងរកឧត្តមភាពមេដាយ ក្នុងការប្រកួតនៃប្រភេទកីឡានីមួយៗ នឹងយក ឧបសគ្គណាខ្លះដែលជាបញ្ហាប្រឈម ដើម្បីដាក់ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងកិច្ចប្រជុំធំ នាខែក្រោយនេះ ដើម្បីឲ្យសហព័ន្ធទទួលបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់បន្ថែម យកទៅអនុវត្តផែនការយុទ្ធសាស្ត្រ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូចជាកំណត់ត្រាស៊ីហ្គេម»។
ឯកឧត្តម អគ្គលេខាធិការ ក៏បានលើកបង្ហាញពីភាពខុសៗគ្នា នៃឧត្តមភាព ទាំងការគ្រប់គ្រង និងការដឹកនាំ ដោយសហព័ន្ធមួយចំនួនធ្លាប់បានធ្វើម្ចាស់ផ្ទះខ្នាតអន្តរជាតិរួចហើយ មានដូចជា ការ៉ាតេ វ៉ូវីណាម តេក្វាន់ដូ WT តេក្វាន់ដូ ITF បាល់ទាត់ និងប៉េតង់ធ្លាប់ធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក ជាដើមនោះមិនសូវមានបញ្ហាប្រឈមនោះទេដោយសារសហព័ន្ធជំនាញទាំងនោះធ្លាប់មានបទពិសោធន៍រៀបចំការប្រកួតកម្រិតអន្តរជាតិ។ ដោយឡែកសម្រាប់សហព័ន្ធកីឡាជាតិ ដែលមិនធ្លាប់រៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតអន្តរជាតិ ទើបជាក្តីបារម្ភ ។
ដូច្នេះក្រុមការងារបានផ្តល់ឲ្យសហព័ន្ធមិនធ្លាប់រៀបចំសោះ ត្រូវរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតតេស្តកម្រិតអន្តរជាតិ ហើយចាំបាច់បំផុត គឺត្រូវធ្វើការងារឲ្យបានជិតស្និទ្ធឲ្យបានលឿនជាមួយប្រធានបច្ចេកទេសកីឡារៀងៗខ្លួន ដើម្បីឲ្យមានភាពកក់ក្តៅក្នុងការរៀបចំបច្ចេកទេស។
សូមបញ្ជាក់ថា កិច្ចប្រជុំបានផ្តល់នូវគន្លឹះសំខាន់ៗ ក្នុងការដោះស្រាយបញ្ហាប្រឈមលើការរៀបចំនេះ ដោយផែនការយុទ្ធសាស្ត្ររបស់ CAMSOC មានផែនការ A និងផែនការ B។ ផែនការ A គឺពឹងផ្អែកទៅលើកម្លាំងពិត ធនធានពិតរបស់សហព័ន្ធកីឡាជាតិ ស្របពេល ផែនការ B បើមិនមានធនធានគ្រប់គ្រាន់ គឺអញ្ជើញអ្នកជំនាញបច្ចេកទេសមកពីអន្តរជាតិមកជួយដល់ការរៀបចំ ។ «រយៈពេលនៅសល់៨ខែ មុនការទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មិនយឺតពេលទេ សម្រាប់ការរៀបចំ ហើយជាពេលវេលាមួយសមរម្យ» នេះជាការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន ៕ ចាន់ វិចិត្រ