លោកជំទាវ លាង ហៃ ជាវ តាយ ប្រគេនអង្ករ បច្ច័យ និងភេជ្ជៈ សម្រាប់ផ្គត់ផ្គង់ដល់សមណសិស្សក្នុងខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ លោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសនិងជាឥស្សរជនឆ្នើមថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារកាកបាទក្រហមកម្ពុជាខេត្តនិងសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បាននាំយកអង្ករប្រចាំខែកញ្ញាចំនួន ៤តោន និង ថវិកាចំនួន ៦លាន៤០ម៉ឺនរៀលទៀតទិញអង្ករប្រចាំខែតុលាឆ្នាំ២០២២ ត្រូវបានប្រគេនដល់ព្រះព្រហ្មភិរ័ត កែវ កន ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ សម្រាប់ចូលរួមផ្គត់ផ្គង់ដល់សមណសិស្សពុទ្ធិកៈអនុវិទ្យាល័យនិងវិទ្យាល័យនៅក្នុងខេត្ត ដែលពិធីប្រគល់នេះបានប្រារព្ធធ្វើនៅវត្តពាលញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២។
លោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសនិងជាឥស្សរជនឆ្នើមថ្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជាសាខាខេត្តពោធិ៍សាត់ដែលមានឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខានិងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ តែងតែយកចិត្តទុកដាក់គិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនិងទីវត្តអារាមផងដែរ។ជាក់ស្តែងនាពេលនេះដោយមើលឃើញពីការខ្វះខាតរបស់ពុទ្ធិកៈអនុវិទ្យាល័យនិងវិទ្យាល័យនៅក្នុងខេត្តនោះក៏បានឧបត្ថម្ភអង្ករក្នុងមួយខែ៤តោនចាប់តាំងពីខែកក្កដា ដែលមានរយៈពេលពេញមួយឆ្នាំ។
លោកជំទាវបានឲ្យដឹងទៀតថា អង្ករចំនួន៤តោនរួមជាមួយទឹកសុទ្ធ ១២០យួរនិងភេសជ្ជៈ២០កេស ប្រគេននាពេលសម្រាប់ប្រចាំខែកញ្ញានិងថវិកា៦លាន៤០ម៉ឺនរៀលទិញអង្ករសម្រាប់ខែតុលាឆ្នាំ២០២២។
ព្រះព្រហ្មភិរ័ត កែវ កន ព្រះពោធិវង្សាវិមលព្រះមេគណខេត្តនិងជាព្រះនាយកពុទ្ធិកៈវិទ្យាល័យពាលញែក បានចម្រើនពរដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះញាតិញោមរួមមាន ឯកឧត្តម កែវ រតនៈប្រធានកិត្តិយស ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ លោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងលោកស្រីប្រតិភូទាំងអស់ដែលជានិច្ចកាលតែងតែគិតគូរនិងជួយឧបត្ថម្ភ ទំនុកបម្រុងជាបន្តបន្ទាប់ដល់សមណសិស្សពុទ្ធិកៈទាំងអនុនិងវិទ្យាល័យនៅក្នុងខេត្តជាប់ជាប្រចាំ។
ព្រះពោធិវង្សាវិមលព្រះមេគណខេត្តមានសង្ឃដិកាថា ខេត្តពោធិ៍សាត់មានពុទ្ធិកៈវិទ្យាល័យមួយកន្លែងនៅក្នុងវត្តពាលញែកមានសមណសិស្សចំនួន២២៥ អង្គនិងពុទ្ធិកៈអនុវិទ្យាល័យព្រះសុវណ្ណត្ថេរ អ៊ុម អៀមវត្តនទីមង្គលមានសមណសិស្ស ១២៥អង្គ និង គ្រូ១១នាក់។
ព្រះមេគណខេត្តមានសង្ឃដីកាថា ការចូលរួមជួយឧបត្ថម្ភទាំងបច្ច័យ និងស្បៀងអាហារ សម្ភារៈ ដល់សមណសិស្សជាកូនចៅរបស់ប្រជាពលរដ្ឋដែលកំពុងសិក្សារៀនសូត្រនាពេលនេះក៏ដូចនាពេលកន្លងមកពិតជាបានរួមចំណែកបំពេញបុណ្យកុសលយ៉ាងធំធេងលើវិស័យព្រះពុទ្ធសាសនាក្រោមម្លប់សន្តិភាព និងភាពរុងរឿងនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ ចេង ពុំ