ឯកអគ្គរដ្ឋទូតតួកគីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី លើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ
ភ្នំពេញ៖ លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ លើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ។ លោកជំទាវមានជំនឿថា នឹងមានការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់រវាងសភានៃប្រទេសទាំងពីរ ដើម្បីជំរុញការយល់ដឹងរួមគ្នា និងបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ការវាយតម្លៃរបស់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ។
ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវអំណរសាទរស្វាគមន៍ចំពោះលោកជំទាវ UIKU Kocaefe ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ សម្តេចប្រមុខរដ្ឋស្តីទីមានជំនឿជឿជាក់ថា លោកជំទាវនឹងខិតខំបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
នៅក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ លើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ។ លោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា សភាតួកគីបានបង្កើតក្រុមមិត្តភាពរវាងប្រទេសទាំងពីរ។ លោកជំទាវមានជំនឿថា នឹងមានការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់រវាងសភានៃប្រទេសទាំងពីរ ដើម្បីជំរុញការយល់ដឹងរួមគ្នា និងបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា