ឯកឧត្តម គៀត ច័ន្ទថារិទ្ធ៖ ស៊ីហ្គេម ២០២៣ បើមិនជោគជ័យលើការប្រកួត ប៉ុន្តែការរៀបចំកុំឲ្យចាញ់គេ នេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាមានប្រសាសន៍ថា បើមិនជោគជ័យលើការប្រកួត ប៉ុន្តែការរៀបចំកមឲ្យចាញ់គេ ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺជាកិត្តិយដ៏ធំធេងសម្រាប់ជាតិ ។

នេះជាការលើកឡើងរបស់ឯកឧត្តមប្រធាន ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនបច្ចេកទេសកីឡាវាយកូនឃ្លីលើតុកម្រិតអន្តរជាតិ សម្រាប់អាជ្ញាកណ្តាលថ្នាក់ជាតិ ឆ្នាំ២០២២ ពីលោកស្រី Rachel DL Ramos ដែលជាចៅក្រមអាជ្ញាកណ្តាលអន្តរជាតិ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ (ITTF) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ការលើកឡើងខាងលើមិនមែនមានន័យថា ក្រុមកីឡាករ កីឡាការិនីវាយកូនឃ្លីលើតុកម្ពុជា គ្មានសមត្ថភាពនោះទេ គឺពួកគេកំពុងខិតខំហ្វឹកហាត់ ទាំងកម្លាំង បច្ចកទេស ដើម្បីសម្រួចគោលដៅ ត្រៀមប្រជែងដណ្តើមមេដាយ ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្រ្តដំបូងនៅកម្ពុជា ។ ដូច្នេះការងារចំពោះមុខ សហព័ន្ធបានប្រឹងប្រែងពង្រឹងគុណភាពអត្តពលិក ធ្វើយ៉ាងណាដណ្តើមបានមេដាយជូនជាតិ គឺជាជោគជ័យមួយ ។

ប្រសិនបើមិនដណ្តើមបានមេដាយទេ គឺត្រូវតែទទួលបានជោគជ័យមួយទៀត គឺការរៀបចំឲ្យចាញ់គេ ដើម្បីលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិលើឆាកអន្តរជាតិ ពីព្រោះថា កម្រិតគុណភាពរបស់កីឡាករ កីឡាការិនីវាយកូនឃ្លីលើតុកម្ពុជានៅមានកម្រិត បើប្រៀបធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់ នេះកាជារបញ្ជាក់របស់ ឯកឧត្តម គៀត ច័ន្ទថារិទ្ធ។

ដោយឡែកចំពោះ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលអន្តរជាតិនេះ ឯកឧត្តម បានចាត់ទុកថា ជាការដុះចាត់បន្ថែមដល់មន្ត្រីអាជ្ញាកណ្តាលជាតិ៩នាក់ ដែលត្រៀមប្រឡងយកវិញ្ញាបនបត្រអាជ្ញាកណ្តាលអន្តរជាតិ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដើម្បីចូលរួមកាត់សេចក្តី ក្នុងពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ ផ្ទាល់តែម្តង ។ ឯកឧត្តម ប្រធានសហព័ន្ធ បានលើកទឹកចិត្តឲ្យមន្ត្រីអាជ្ញាកណ្តាលកម្ពុជាទាំង៩រូប បន្តខិតខំឲ្យអស់ពីសមត្ថភាព ប្រឡងឲ្យជាប់ទាំងអស់គ្នា ដើម្បីឲ្យក្លាយជាមន្ត្រីអាជ្ញាកណ្តាលអន្តរជាតិ ។

គួរបញ្ជាក់ថា តាមការបញ្ជាក់របស់ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា វគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិនេះ បានធ្វើឡើងរយៈពេល៥ថ្ងៃពីថ្ងៃទី២៧ដល់៣១ខែសីហា ឆ្នាំ២០២២ ដែលមានសិក្ខាកាមជាអាជ្ញាកណ្តាលចំនួន៣៥នាក់ ។ ក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿនផែនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner