ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួប រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយប្រតិភូវិនិយោគិនម៉ាឡេស៊ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យប្រតិភូវិនិយោគិនម៉ាឡេស៉ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា ចំនួនប្រមាណ ១៥០រូប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

បេសកកម្មធុរកិច្ចនេះ ត្រូវបានរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងជំរុញលំហូរពាណិជ្ជកម្ម វិនិយោគទ្វេភាគី និងស្វែងយល់ពីសក្តានុពលនៅប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា នេះជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ហើយបេសកកម្មធុរកិច្ចម៉ាឡេស៉ីនេះ គឺជាបេសកកម្មធុរកិច្ចលើកទី២ មកកាន់កម្ពុជាផងដែរ បន្ទាប់ពីភាពជោគជ័យនៃបេសកកម្មធុរកិច្ចលើកទី១ របស់ប្រតិភូម៉ាឡេស៉ីពីសហគ្រាស ធុនតូច និងមធ្យម កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និងសម្តែងក្តីសោមនស្សរីករាយ ដែលកម្មវិធីនេះប្រព្រឹត្តិឡើងចំថ្ងៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសម៉ាឡេស៉ី ស្របពេលឆ្នាំ២០២២នេះ ជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច របស់ស្ថានតំណាងកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ីផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ចម៉ាឡេស៉ីនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់វិនិយោគិនម៉ាទ្បេស៉ីចំពោះតថភាពសេដ្ឋកិច្ច ស្ថិរភាពនយោយបាយ និងយុទ្ធសាស្រ្តស្តារសង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៉ី និងបានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៉ីពិចារណាវិនិយោគលើវិស័យប្រកបដោយសក្តានុភាពផ្សេងទៀត រួមមាន កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ៕ ដោយ៖លីដា +សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner