អាល្លឺម៉ង់គ្រោងនឹងបង្កើនវត្តមានយោធាក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
បែរឡាំង៖ អាល្លឺម៉ង់នឹងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយការបញ្ជូននាវាចម្បាំងកាន់តែច្រើន និងចូលរួមធ្វើសមយុទ្ធយោធាជាមួយសម្ព័ន្ធមិត្ត ស្របពេលដែលខ្លួនកំពុងតាមឃ្លាំមើលសកម្មភាពបង្កើតកងកម្លាំងប្រដាប់អាវុធដ៏ធំសម្បើមរបស់ចិន។
អគ្គមេបញ្ជាការកងទ័ពអាល្លឺម៉ង់លោក អេបែរហាដ ហ្សន បានប្រាប់កាសែតរ៉យទ័រនៅថ្ងៃពុធសប្ដាហ៍នេះថា យោធាអាល្លឺម៉ង់មានផែនការបញ្ជូនកងទ័ព កាន់តែច្រើន ចូលរួមធ្វើសមយុទ្ធយោធាបណ្ដុះបណ្ដាលនៅអូស្ត្រាលីនាឆ្នាំក្រោយ ខណៈដែលកងទ័ពជើងទឹកនឹងបញ្ជូនកងនាវាចម្បាំងមួយក្រុមទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅឆ្នាំ២០២៤។
លោក ហ្សន បានថ្លែងក្នុងបទសម្ភាសន៍មួយនៅឯក្រសួងការពារជាតិអាល្លឺម៉ង់ក្នុងទីក្រុងប៊ែរឡាំង ថា នេះគឺជាបង្ហាញយ៉ាងច្បាស់ពីចេតនារបស់អាល្លឺម៉ង់ ក្នុងការបង្កើនវត្តមានយោធានៅក្នុងតំបន់នេះ។
សូមរម្លឹកផងដែរថា ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលអាល្លឺម៉ង់បានចេញផ្សាយនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ជាមួយការផ្ដោតជាសំខាន់លើការពង្រឹងសម្ព័ន្ធភាពជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យក្នុងតំបន់។
ជាងនេះទៅទៀត អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស៊ូលស៍ កាលពីខែកុម្ភៈក៏បានសន្យាដែរថា ប្រទេសរបស់លោកនឹងបង្កើនកញ្ចប់ថវិកាយោធា បន្ទាប់ពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន៕ ដោយ៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា