ក្រុមជំនាញ ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) កំពុងចាប់ផ្តើមចុះត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្សាយ៉ា របស់អ៊ុយក្រែន
កៀវ៖ ក្រុមអ្នកជំនាញមកពីទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្សាយ៉ា នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ក្រុមមន្ត្រីជំនាញមកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានធ្វើដំណើរទៅដល់ទីក្រុង ហ្សាប៉ូរីសហ្ស៉ីយ៉ា និងកំពុងស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីរោងចក្រ ហ្សាប៉ូរីសហ្ស៉ីយ៉ា នៅថ្ងៃពុធសប្តាហ៍នេះ។
អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ក្រូស៊ី បានប្រាប់អ្នកសារព័ត៌មានក្នុងតំបន់ថា ការត្រួតពិនិត្យនេះនឹងត្រូវចំណាយរយៈពេលពីរបីថ្ងៃ ដោយលោកបានពណ៌នាដំណើរទស្សនកិច្ចនេះថា ជា “បេសកកម្មបច្ចេកទេស” ដើម្បីវាយតម្លៃស្ថានភាពនៅរោងចក្រ ហ្សាប៉ូរីសហ្សាយ៉ា។ លោកបន្តថា លោកត្រូវការសម្ភាសន៍កម្មកររោងចក្រ ហើយក្រុមអ្នកជំនាញ IAEA មានគោលបំណងបង្កើត “វត្តមានអចិន្ត្រៃយ៍” នៅទីនោះ។
លោក ក្រូស៊ី បានសង្កត់ធ្ងន់ថា បេសកកម្មរបស់យើងនាពេលនេះ គឺដើម្បីស្វែងរកការទប់ស្កាត់ មហន្តរាយនុយក្លេអ៊ែរ។ ជាមួយគ្នានេះ តំណាងរបស់រុស្ស៊ីប្រចាំទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) លោក Mikhail Ulyanov បាននិយាយថា រុស្ស៊ីស្វាគមន៍ចំពោះផែនការរបស់ IAEA៕ ប្រភព៖ NHK