សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម វ៉ាង វិនធាន អញ្ជើញជាអធិបតីក្នុងពិធី ផ្ទេរ-ប្រគល់សម្ភារៈជំនួយឥតសំណងចំនួន ១៥០គ្រឿង របស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិចិន ជូនដល់ក្រសួងកាពារជាតិកម្ពុជា
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារៈរដ្ឋប្រជាមាណិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធី ផ្ទេរ-ប្រគល់សម្ភារៈជំនួយឥតសំណង ចំនួន ១៥០គ្រឿង របស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិចិន ជូនដល់ក្រសួងកាពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ ។
ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម វ៉ាង វិនធាន បានគូសបញ្ជាក់ថា កងទ័ពកម្ពុជា-ចិន ជាបងប្អូន ស្គាល់ចិត្ត ស្គាល់ថ្លើម និងរួមសុខ រួមទុក្ខជាមួយគ្នា ហើយជាដៃគូនិយាយតិច ប៉ុន្តែធ្វើច្រើន។ ឯកអគ្គរដ្ឋទូតចិន បានបន្តថា ជំនួយដែលក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជូនរថយន្តចំនួន ១៥០គ្រឿង និងសម្ភារការិយាល័យចំនួនដល់ក្រសួងការពារជាតិកម្ពុជា គឺសកម្មភាពជាក់ស្តែង ដែលក្រសួងការពារជាតិចិន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញសេចក្តីសប្បាយរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ឯកអគ្គរដ្ឋទូតចិន ដែលឆ្លុះបញ្ចាំងនូវការប្ដេជ្ញាចិត្តយ៉ាងមោះមុត របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ នៅក្នុងការងារការពារជាតិ និងលើកស្ទួយចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងឋានៈជាមិត្តដែកថែប ឱ្យគង់វង្ស និងរីកម្រើនជានិច្ចតរៀងទៅ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា៖ សម្រាប់ស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាក ប្រកបដោយឆន្ទៈ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងបុព្វហេតុកសាង ថែរក្សាសន្តិភាព ស្ថិរភាព មិត្តភាពរឹងមាំយូរអង្វែង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ លើសពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាគាំទ្រឥតងាករេចំពោះនយោបាយចិនតែមួយ និងចក្ខុវិស័យសហគមន៍វាសនារួម ចិន និង កម្ពុជា»។
សម្តេចពិជ័យសេនា បន្ថែមផងដែរថា សម្ភារៈទាំងអស់នេះពិតជាមានន័យមិនអាចកាត់ថ្លៃបាន ក្នុងពេលក្រសួងការពារជាតិកម្ពុជា កំពុងត្រូវការចាំបាច់បំផុត សម្រាប់បម្រើឱ្យការងារទំនាក់ទំនងបរទេសផ្នែកយោធា ជាពិសេសក្នុងពេលដែលក្រសួងការពារជាតិកម្ពុជា កំពុងមមាញឹក ក្នុងការបំពេញតួនាទីដឹកនាំក្នុងឋានៈជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ផងដែរ ៕ ដោយ៖ ង៉ាន់ ទិត្យ