សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបឯកអគ្គរដ្ឋទូតតួកគី
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២២ ។
ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះលោកជំទាវ UIKU Kocaefe ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ សម្តេច មានជំនឿជឿជាក់ថា លោកជំទាវនឹងខិតខំបន្តពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
នៅក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ លើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ។
លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា សភាតួកគីបានបង្កើតក្រុមមិត្តភាពរវាងប្រទេសទាំងពីរ។ លោកជំទាវមានជំនឿថា នឹងមានការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់រវាងសភានៃប្រទេសទាំងពីរ ដើម្បីជំរុញការយល់ដឹងរួមគ្នា និងបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាមួយគ្នានេះ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់របស់ប្រទេសកម្ពុជានៅក្នុងតំបន់អាស៊ី។
លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន ប្តូរវេន ដែលជាដំណាក់ដ៏លំបាកក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងលើសកលលោក។ ទោះបីជាយ៉ាងនេះក្តី ក៏ប្រទេសកម្ពុជាបានដើរតួនាទីដ៏សំខាន់នេះប្រកបដោយទទួលបានជោគជ័យ។
សម្តេចប្រមុខរដ្ឋស្តីទីបានរំលឹកអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៩ និងការបើកសម្ពោធជាផ្លូវការនៃស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋតួកគី កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ។ តាមរយៈទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ សម្តេចបានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរ។
ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគីដែលបានរួមចំណែកដ៏ថ្លៃថ្លាជួយអភិវឌ្ឍលើគ្របើវិស័យ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនខាងសង្គម-សេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគីដែលបានគាំទ្រកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានប្តូរវេន និងបានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី (កម្ពុជា-តួកគី និងលេខាធិការដ្ឋានអាស៊ាន) អាស៊ាន-តួកគីលើកទី៤ នៅទីក្រុងភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។
សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកជំទាវ ក៏ដូចជាស្ថានទូតតួកគី ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។
តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខសេចក្តីនឹករលឹកអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី ថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋទួរគី។
សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ ៕ ដោយ / គ្រី សម្បត្តិ