អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរក្រុងស្រុកនិងមន្រ្តីពាក់ព័ន្ធត្រូវចុះពិនិត្យមើលផ្លូវដែលរងការខូច ត្រូវជួសជុលជាបន្ទាន់
តាកែវ៖ ថ្លែងនៅក្នុងឱកាសចុះពិនិត្យមើលការសាសងង់ផ្លូវចាក់បេតុងនៅក្នុងសង្កាត់រការក្នុង ក្រុងដូនកែវនៅព្រឹកថ្ងៃព្រហស្បត្ត៍នេះ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានថ្លែងថា អាជ្ញាធក្រុងស្រុក ឃុំសង្កាត់រួមនិងអាជ្ញាធពាក់ព័ន្ធត្រូវពិនិត្យមើលផ្លូវនៅមូលដ្ឋានរបស់ខ្លួន បើផ្លូវណាខូចត្រូវធ្វើការជួសជុលជាបន្ទាន់ ព្រោះក្រុងស្រុកមានថវិការផ្ទាល់ខ្លួនសម្រាប់ជួសជុល ហើយបើផ្លូវណាត្រូវចំណាយការជួសអស់ថវិការច្រើនលើសពីសម្ថិភាពរបស់ខ្លួន ត្រូវរាយការណ៍មកខេត្តដើម្បីខេត្តរកថវិការជួសជុលអោយបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងបន្តថា ថវិកាកសាងផ្លូវ និងជួសជុលផ្លូវរបស់ក្រុង ស្រុក និងឃុំ សង្កាត់មានកំណត់ ក៍ប៉ុន្តែអាជ្ញាធក្រុង ស្រុកនិងឃុំ សង្កាត់ត្រូវពិនឹត្យមើលផ្លូវណាអទិភាពដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរច្រើន ជាពិសេសផ្លូវដែលប្រជាពលរដ្ឋដឹកកសិផលបើមានការខូចខាតធ្ងន់ធ្ងរ ត្រូវជួសជុលជាបន្ទាន់ ជៀសវាងការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវ ក៍បានណែនាំដល់អ្នកពាក់ព័ន្ធជាពិសេសក្រុមហ៊ុនដេញថ្លៃកសាងផ្លូវ ត្រូវសាងសង់ផ្លូវអោយមានស្តង់ដាបច្ចេកទេសត្រឹមត្រូវ ជៀសវាងសាងសង់ផ្លូវបានតែមួយរយៈក៍ខូចធ្វើដំណើរលែងកើត ដែលនាំឱ្យបងប្អូនប្រជាពលរដ្ឋនាំគ្នារិះគន់អាជ្ញាធថាធ្វើផ្លូវមិនមានគុណភាព ៕ សាំង សារ៉ាវី