អភិបាលខេត្តតាកែវ ណែនាំដល់ក្មួយៗ សិស្សថ្នាក់វិទ្យាល័យត្រូវតែបង្កើននិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាយុវជនមានថាមពល និងសក្តានុពលសម្រាប់សង្គមជាតិទៅថ្ងៃអនាគត

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំទៅដល់ក្មួយៗដែលកំពុងសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ត្រូវតែបង្កើន និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យក្លាយទៅជាយុវជនមួយប្រកបដោយថាមពលនិងជាយុវជនសក្តានុពលសម្រាប់សង្គមជាតិទៅថ្ងៃអនាគត ។

ថ្លែងនៅចំពោះមុខសិស្សានុសិស្សប្រមាណជាង ៦០០នាក់ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ និងប្រគល់ប័ណ្ណសរសើរដល់សិស្សបានបញ្ចប់ការសិក្សានៅសាលារៀនណេគ្រីអន្តរជាតិ ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ក្នុងនាមជាយុវជនក្មួយត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំងពូកែ ហើយដើម្បីប្រែក្លាយខ្លួនឯងជាយុវជនប្រកបដោយសន្តានុពលក្មួយៗត្រូវតែមានសមត្ថភាពពិតប្រាកដ មានចំណេះដឹងខ្ពស់ខ្ពស់ មានសីលធម៌ល្អ មានអត្តចរិតល្អ និងមានសុខភាពល្អផងដែរ ព្រោះចំណុចទាំងអស់នេះហើយ វានឹងនាំក្មួយៗឱ្យក្លាយទៅជាយុវជនជាសរសទ្រូង និងជាអ្នកបន្តវេនដ៏ខ្លាំងមួយសម្រាប់កម្ពុជានាថ្ងៃអនាគត់ជាក់ជាពុំខាន ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ការប្រែក្លាយខ្លួនឯងជាយុវជនសក្តានុពល វានឹងនាំក្មួយៗមានក្តិតយស និងមានមោទនៈភាពសម្រាប់ខ្លួនឯង គ្រួសារ សាលារៀន និងលោកគ្រូអ្នកគ្រូយើងផង និងសង្គមជាតិផង ព្រោះក្មួយៗពិតជាធនធានមនុស្សដ៏ពិតប្រាកដមួយ ជាពិសេសក្មួយៗនឹងក្លាយទៅជាគំរូដ៏ល្អសម្រាប់យុវជនដទៃទៀតយកគំរូតាម ហើយបន្តប្រែក្លាយជាយុវជនមួយដែលមានសមត្ថភាព មានចំណេះដឹង ហើយជាកូនល្អ មិត្តល្អ និងជាសិស្សល្អផងដែរ ហើយតាមរយៈការបង្កើនសមត្ថភាពឱ្យមានចំណេះដឹងនេះដែរ សូមក្មួយៗយកវាមកបន្តអភិវឌ្ឍប្រទេសជាតិរបស់យើង ឱ្យកាន់តែរីកចម្រើនថែមទៀត ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោកគ្រូ ជួន សុវណ្ណ ដែលជានាយកប្រតិបត្តិ ក៏ដូចជាគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ត្រូវខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឱ្យបានល្អ ពោលគឺ បង្រៀនសិស្សឱ្យ ចងចាំ យល់ អនុវត្ត វិភាគ វាយតម្លៃ និងច្នៃប្រឌិត ហើយក្នុងនោះដែរ សូមមាតាបិតា អាណាព្យាបាលគ្រប់រូបត្រូវជំរុញលើកទឹកចិត្ត កូនចៅឲ្យមកសាលារៀន និងបន្តការសិក្សារហូតដល់ចប់ឆ្នាំសិក្សា ក៏ដូចជាតម្រង់ទិសឱ្យពួកគាត់ចាប់យកជំនាញសិក្សាថ្នាក់មហាវិទ្យាល័យឱ្យសមស្របទៅនឹងសមត្ថភាពរបស់ខ្លួន៕ សាំង សារ៉ាវី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner